(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌ លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការ World Monument Fund នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយ សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃទៀត ក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមកអាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើង របស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួន ឱ្យវិលត្រឡប់មកមាតុភូមិវិញផង។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបន្តទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំង រវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជាពិសេសមិនត្រឹមតែបានជួយជ្រោមជ្រែង លើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួល ក្នុងការនាំយកមកវិញ នូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ ជាយូរឆ្នាំកន្លងមកផងដែរ។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy បានឱ្យដឹងថា មូលនិធិឯកអគ្គរដ្ឋទូត លើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកបដោយលទ្ធផលល្អប្រសើរនា ពេលកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការ ជំរុញឱ្យគម្រោងនេះ ដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លែផ្កាគួរឱ្យជាទីមោទន។ ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិក មកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រាសាទភ្នំបាខែង កសាងឡើងតាំងពីឆ្នាំ៩០៧ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំង ឱ្យឡើងទៅទស្សនាទេសភាពពេលថ្ងៃរៀបលិច ព្រមទាំងជាកន្លែងដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់៕