(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈ របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យមានការផ្តោតអាទិភាពសំខាន់លើ ធនធានមនុស្ស និងឱសថ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាព។

ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ ដែល សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អាទិភាពទី១ គឺ «ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសាកល»។ ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន៣ ត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតជាចម្បងលើការពង្រឹងសមត្ថភាពផ្ដល់សេវា សុខភាពបឋមនៅមូលដ្ឋាន រួមមាន៖

*ទី១៖ ការពង្រឹងសមត្ថភាពផ្ដល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និងទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងការបំពាក់ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/សុខាភិបាលឌីជីថល។

*ទី២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្ដល់សេវាថែទាំសុខភាពឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន

*ទី៣៖ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាល បានអនុវត្តវិធានការគន្លឹះទាំង ៣ នេះដោយសម្រេចបានលទ្ធផលការងារយ៉ាងធំធេងគួរឱ្យកត់សម្គាល់។

ឈរលើមូលដ្ឋានខាងលើនេះ ក្រសួងសុខាភិបាល បានដាក់ចេញសកម្មភាពសំខាន់ៗចំនួន៨ ដើម្បីឱ្យវិធានការគន្លឹះទាំង៣ បន្តសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែលរួមមាន៖

*ទី១៖ បន្តពង្រឹងយន្តការវាយតម្លៃនិងកែលម្អគុណភាពសេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣ ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃកម្រិត២។
*ទី២៖ ពង្រីកសេវាជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមនៅមណ្ឌលសុខភាព។
*ទី៣៖ ពង្រឹងកិច្ចដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិនៅក្នុងតំបន់ទទួលខុសត្រូវរបស់មណ្ឌលសុខភាពនីមួយៗ។
*ទី៤៖ ពង្រឹងសមត្ថភាពផ្ដល់សេវាសង្គ្រោះបន្ទាន់ និងសេវាសល្យសាស្ត្រ(វះកាត់)នៅមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។
*ទី៥៖ ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
*ទី៦៖ បង្កើនសមត្ថភាពបច្ចេកទេសគ្លីនិកដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។
*ទី៧៖ អភិវឌ្ឍសមត្ថភាពស្ថាប័ន
*ទី៨៖ បន្តពង្រឹងការគ្រប់គ្រងសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ឱ្យមានអនុលោមភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ក្នុងដំណើរការពិភាក្សា និងឆ្លងលើរបាយការណ៍វឌ្ឍនភាព នៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ឱ្យផ្តោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ ក្នុងនោះធនធានមនុស្សត្រូវពង្រីកបរិមាណ និងពង្រឹងគុណភាព ព្រមទាំងគិតគូរពីកម្រិតជំនាញ និងវិធីសាស្ត្រក្នុងការរក្សាធនធានមនុស្ស ខណៈធនធានឱសថ ត្រូវគិតពីគុណភាព និងប្រើឱ្យចំនឹងជំងឺ។ ក្នុងន័យនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាល សិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទជំងឺនៅក្នុងភូមិ-ឃុំ ដើម្បីបែងចែកថ្នាំឱ្យចំគោលដៅផងដែរ៕