(ភ្នំពេញ)៖ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ នៅក្នុងដំណើរការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយជាតិនេះ ក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដែរ។ ដូច្នេះ សម្តេចបានស្នើទីស្ដីការគណៈរដ្ឋមន្រ្តី ផ្ដល់ការសម្របសម្រួល ដើម្បីឱ្យគោលនយោបាយនេះទទួលបានជោគជ័យ។
សូមជម្រាបថា សេចក្ដីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។
សេចក្ដីព្រាងគោលនយោបាយនេះ ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន១លើក ដោយមានការចូលរួមពីតំណាង សមាគមសហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្រ្តីកម្ពុជា សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។
សេចក្ដីព្រាងគោលនយោបាយនេះ មានគោលដៅសំខាន់ ៣រួមមាន៖
* ទី១-រៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។
* ទី២-ពង្រឹងនិងលើកកម្ពស់សមត្ថភាពមន្រ្តីនិងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញាដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
* ទី៣-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហ-គ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
គោលនយោបាយនេះ មានគោលបំណងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងគំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌៕