(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានផ្តល់រង្វាន់ម៉ូតូចំនួន៣គ្រឿងដល់សិស្សនិទ្ទេស A និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សរៀនពូកែ ព្រមទាំងឧបត្ថម្ភថវិកាដល់គ្រូដែលចូលនិវត្ត នៅតាមសាលានានាក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការប្រកាសផ្ដល់រង្វាន់នេះធ្វើឡើងក្នុងឱកាសលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ ចូលរួមបើកបវេសនកាលឆ្នាំ២០២៣-២០២៤ នាថ្ងៃទី១ ខែធ្នូ នៅសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ។

លោកបានអានសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានសេចក្ដីថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា និងការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។ ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលចំណុចគន្លឹះទាំង៤ខាងលើ ទៅក្នុងស្តង់ដារសាលារៀនគំរូចំនួន៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ៨០ភាគរយលើចំណេះដឹង, ១០ភាគរយលើបំណិន និង១០ភាគរយលើសីលធម៌ និងចរិយាធម៌។

លោក ហែម ដារិទ្ធ បានអំពាវនាវឱ្យសិស្សានុសិស្សបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យបានពូកែ ទទួលបាននិទ្ទេស A ឱ្យបានច្រើនថែមទៀត ដើម្បីទទួលបានរង្វាន់គ្រប់ៗគ្នា។ លោកថា ឆ្នាំនេះក្នុងខណ្ឌមានជ័យទទួលបាននិទ្ទេស A តែ៣នាក់ប៉ុណ្ណោះ លោកចង់ឃើញឆ្នាំក្រោយៗនិទ្ទេស A កើនឡើងជាច្រើនដងទៀត ហើយលោករីករាយនឹងផ្តល់ការលើកទឹកចិត្តសម្រាប់ការប្រឹងប្រែងរៀនសូត្ររបស់ជានិច្ច។

សម្រាប់ឆ្នាំនេះ លោក ហែម ដារិទ្ធ បានផ្តល់ម៉ូតូថ្មីចំនួន៣គ្រឿង ជាការលើកទឹកចិត្តជូនសិស្សទទួលបាននិទ្ទេស A ចំនួន៣នាក់ រួមមាន៖
ទី១. កុមារី ហាន ទេពរីណា មកពីវិទ្យាល័យចំរើនផល
ទី២. កុមារី វ៉ាត សុសូរិយា មកពីវិទ្យាល័យចាក់អង្រែ
ទី៣. កុមារី ហង្ស សុវណ្ណសៀងលី មកពីវិទ្យាល័យចាក់អង្រែ។

ក្រៅពីនេះ លោកអភិបាលខណ្ឌក៏បានផ្តល់ការលើកទឹកចិត្តឧបត្ថម្ភដល់គ្រូចូលនិវត្តន៍ចំនួន៧រូប ក្នុងនោះអតីតនាយកសាលាបឋមសិក្សា១រូប និងលោកគ្រូចំនួន៦នាក់។ ចែករង្វាន់ជូនសិស្សពូកែលេខ១ចំនួន៣៩នាក់ ក្នុងម្នាក់ទទួលបានបណ្ណសរសើរ១ និងសម្ភារសិក្សា១ឈុត និងលេខ២ លេខ៣ ចំនួន៧៨នាក់ ទទួលបានសម្ភារសិក្សា១ឈុត។ ផ្តល់សិខិតសរសើរដល់សប្បុរសជនចំនួន៧រូប និងផ្តល់ប័ណ្ណសរសើរដល់កុមារីដែលប្រឡងអំណានជាប់លេខ២ផងដែរ៕