(ភ្នំពេញ)៖ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា បានឱ្យដឹងថា សកម្មភាពគាំទ្រដល់កិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យ គឺជាភារកិច្ចដ៏ចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាចូលរួមតាមលទ្ធភាព ហើយប្រសិនបើរបាំងឬឧបសគ្គនៃទឹកស្អាត និងអនាម័យត្រូវបានដោះស្រាយដោយមានការគាំទ្រពីមនុស្សគ្រប់គ្នា នោះប្រជាជនគ្រប់ទីកន្លែង ជាពិសេសប្រជាជនរស់នៅតាមទីជនបទ នឹងមានសុខភាពល្អ កាត់បន្ថយការចំណាយលើការថែទាំសុខភាព ព្រមទាំងអាចសន្សំថវិកាសម្រាប់ទុកបំពេញតម្រូវការផ្សេងៗនៅក្នុងគ្រួសារទៀតផង។

លោក ឆាត់ សុភាព បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលអង្គការវ័តធឺអេតកម្ពុជា ទទួលបានថវិកាពីសប្បុរសធម៌ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ចំនួន ៥០ ០០០ដុល្លារអាមេរិក សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាត ដែលថវិកានេះនឹងយកទៅអនុវត្តគម្រោងពន្លឿន លទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ នៅខេត្តកណ្តាល ដែលរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ២០០០នាក់ ក្នុងរយៈពេល ៦ខែ។

លោក ឆាត់ សុភាព បានបន្តទៀតថា អង្គការវ័តធឺអេកនឹងប្រើប្រាស់ថវិកាសប្បុរសធម៌ដែលទទួលបាននៅថ្ងៃនេះឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកគាំទ្រសុខុមាលភាពប្រជាជនក្នុងតំបន់គោលដៅរបស់គម្រោង ដែលក្នុងរយៈពេល ៦ខែខាងមុខនេះ ដោយរំពឹងថាគម្រោងនឹងជួយផ្ដល់ឲ្យប្រជាពលរដ្ឋប្រមាណ ២០០០ នាក់ មានទឹកស្អាតប្រើប្រាស់តាមតម្រូវការ។ កង្វះខាតផ្នែកណាមួយនៃទឹកស្អាត និងអនាម័យ នឹងបង្កផលវិបាកចំពោះជនងាយរងគ្រោះដូចជា កុមារ ស្ត្រី ជនចាស់ជរា និងជនមានពិការភាព។

លោក ឆាត់ សុភាព បានបញ្ជាក់ទៀតថា គ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងព្យាយាមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមទាំងឡាយសម្រាប់ជនងាយរងគ្រោះ ហើយការធ្វើដូចនេះទើបយើងនឹងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី៦ ស្ដីពីទឹកស្អាត និងអនាម័យ នៅត្រឹមឆ្នាំ២០៣០ខាងមុខ ។

នាយកប្រចាំប្រទេសនៃអង្គការវតធឺអេតកម្ពុជា លោក ឆាត់ សុភាព មានប្រសាសន៍បន្ថែមថា យើងអាចនិយាយបានថា គ្មានជនណាម្នាក់អាចរស់នៅក្នុងជីវិតដែលមានសុខភាពល្អពេញលេញបានដោយគ្មានទឹកស្អាត និងគ្មានបង្គន់អនាម័ យសម្រាប់ប្រើប្រាស់បាននោះទេ។ បញ្ហាទឹកស្អាតនិងអនាម័យ គួរតែជារបស់ចាំបាច់ជាមូលដ្ឋានសម្រាប់ជនគ្រប់រូបនៅ គ្រប់ទីកន្លែងតែម្តង។

លោក ដាតូ ចូហានអាហ្វីហ្វីន (Dato' Johan Ariffin) តំណាងឱ្យ អេទីកា បានបញ្ជាក់ដែរថា គោលដៅយើងតែមួយគឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ ដូច្នេះការងារដែលគាំទ្រឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយឱ្យពួកគាត់មានសុខភាពល្អ និងមានជីវភាពកាន់តែប្រសើរ។ បំណងរួមគ្នារវាង អេទីកា និងអង្គការវ័តធឺអេតកម្ពុជា គឺចង់ឃើញ ប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងបរិយាបន្ន។

គួរបញ្ជាក់ថា នេះជាលើកទី២ ហើយដែល អេទីកា បានបង្កើនកិច្ចសហការផ្ដល់ការគាំទ្រថវិកាជួយការងារសង្គមតាមរយៈអង្គការវ័តធឺអេតកម្ពុជា ដែលមានថវិកាចំនួន ៥០០០០ដុល្លារអាមេរិក។ រយៈពេល ១២ ខែកន្លងមកនេះ អេទីកាបានផ្តល់ថវិកាសប្បុរសធម៌ វគ្គទី១ រួចមកហើយដល់អង្គការវ័តធឺ អេត ដើម្បីអនុវត្តកម្មវិធីលើកកម្ពស់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល។ ជាលទ្ធផលក្នុងវគ្គទី១ នេះគម្រោងបានផ្តល់ផលដល់ប្រជាពលរដ្ឋប្រមាណ ៩៣៣នាក់ ក្នុងនោះមាន ២០២នាក់ជាប្រជាពលរដ្ឋក្រីក្រ ឱ្យទទួលបានទឹកស្អាតប្រើប្រាស់តាមរយៈការសហការជាមួយអជ្ញាធរ សេវាករផ្គត់ផ្គង់ទឹក ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ និងការគាំទ្រ ថវិកាបដិភាគដល់គ្រួសារក្រីក្រ៕