(ភ្នំពេញ) ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ នៅភ្នំពេញ នូវអំណោយមនុស្សធម៌ សម្រាប់ចែកជូនប្រជាពលរដ្ឋ៣,៦០០គ្រួសារ ដែលអំណោយនោះរួមមាន អង្ករ១០៨តោន មីយើង៣,៦០០កេស ត្រីខ៣៦,០០០កំប៉ុង និងឃីត ៣,៦០០ (មុង ភួយ សារុង ក្រមា) ដែលគិតជាថវិកាសរុបចំនួន ១០៩,២០០ដុល្លារ។ ការផ្ដល់អំណោយមនុស្សធម៌នេះ សម្រាប់ឲ្យអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនីមួយៗ យកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ៣០០គ្រួសារ ទៅតាមតម្រូវការ និងសភាពជាក់ស្តែង។
ចំពោះអំណោយមនុស្សធម៌នេះ គឺនឹងត្រូវផ្ដល់ជូន ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា)។
សូមបញ្ជាក់ថា ការផ្ដល់អំណោយមនុស្សធម៌នេះ ជាលើកទី២ហើយ សម្រាប់ឆ្នាំ២០១៦នេះ ដែលកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានឧបត្ថម្ភជូនទៅដល់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ មានជីវភាពខ្វះខាត ជួបការលំបាកឱ្យបានទាន់ពេលវេលា។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៤ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ក៏បានផ្ដល់នូវអំណោយមនុស្សធម៌ ទៅដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ នៅភ្នំពេញម្ដងរួចហើយ សម្រាប់ចែកជូនប្រជាពលរដ្ឋ៣,៦០០គ្រួសារ ហើយនៅឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ក៏បានផ្ដល់ជូនទៅអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ នៅភ្នំពេញ ដូចកាលពីឆ្នាំ២០១៤ កន្លងទៅនេះដែរ៕