(កោះកុង)៖ ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៣-២០២៤ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី មិថុនា ភូថង អភិបាលកោះកុង បានដាស់តឿនឱ្យសិស្សានុសិស្សខិតខំសិក្សា ធ្វើជាសិស្សិល្អ កូនល្អ ពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិនាពេលអនាគត។
ពិធីបើកបវេសនកាលនេះធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចំការលើ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ លោក ង៉ែត ឡឹង ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្ត មន្ត្រីរាជការ អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួន៣០០នាក់។
នាឱកាសនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមការសិក្សាដំបូងរបស់សិស្សានុសិស្សដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សាក្នុងមូលដ្ឋាន និងកុមារអាយុ៦ឆ្នាំចុះឈ្មោះចូលសិក្សាសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មីចំពោះសិស្សានុសិស្សដែលបានសិក្សាកន្លងមក។ ក៏ជាថ្ងៃដំបូងដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ“ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗក្នុងនោះការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
លោកស្រី មិថុនា ភូថង បានបន្តថា ដើម្បីឆ្លើយតបនឹងវិស័យ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលចំណុចគន្លឹះទាំង៤ខាងលើទៅក្នុងស្តង់ដាសាលារៀនគំរូចំនួន៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ក្នុងថ្ងៃនេះដែររាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសដាក់ចេញនូវយុទ្ធនាការសាលារៀនស្អាត គ្មានសំរាមនៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។
លោកស្រីអភិបាលបន្ថែមថា សាលារៀនត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀននឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ៤ រួមមាន៖ ១-កត្តាសាលារៀន
២-កត្តាគ្រូបង្រៀន ៣- កត្តាសិស្ស -៤ កត្តាគ្រួសារ។ ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ និងពានរង្វាន់សាលាគំរូ សម្តេចមហាបវវធិបតីនៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤នេះតទៅ។
លោកស្រីអភិបាលខេត្តក៏បានគ្រោនរំលឹកដល់សិស្សានុសិស្ស ត្រូវខិតខំយកចិត្ទុកដាក់ផ្តោតសំខាន់ទៅលើការសិក្សា ចេះបង្កើនធនធានមនុស្ស ត្រូវខិតខំស្វែងក្នុងការសិក្សានៅលោកគ្រូអ្នកគ្រូបង្ហាត់បង្រៀន ពីព្រោះសិស្សានុសិស្សគឺជាអនាគតជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ហើយចំណេះវិជ្ជាវាអាចធ្វើឲ្យជីវភាពក្នុងគ្រួសារមានជីវភាពល្អទៅថ្ងៃមុខ ហើយត្រូវជៀសឲ្យផុតពីគ្រឿងញៀន៕