(ភ្នំពេញ)៖ យ៉ាងហោចណាស់មានសាលាប្រមាណ៤០នៅប្រទេសចិនបានសហការជាមួយភាគីកម្ពុជារៀបចំ «ពិព័រណ៍អប់រំអាស៊ាន-ចិន ASEAN-CHINA Education Expo» ជាលើកដំបូងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីឱកាសបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងផ្ដល់ព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យអប់រំដល់សិស្ស-និស្សិតនៅកម្ពុជា។

ពិព័រណ៍អប់រំអាស៊ាន-ចិននេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ ក្នុងពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី១ ខែធ្នូនេះ មានចូលរួមជាអធិបតីភាពពីសំណាក់លោក ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាងលោករដ្ឋមន្ត្រី ហួត ហាក់ ព្រមទាំងលោក លី ជីនជុន ប្រធាននាយកដ្ឋានផ្លាស់ប្ដូរនិងសហប្រតិបត្តិការ នៃមន្ទីរអប់រំខេត្តក្វាងទុង លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិនដើម្បីការផ្លាស់ប្ដូរ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា តំណាងសាកលវិទ្យាល័យនានារបស់ភាគីចិននិងភាគីថៃ ក៏ដូចសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។

លោក កាវ ជាន បានឱ្យដឹងថា ពិព័រណ៍អប់រំចិន-អាស៊ានឆ្នាំ២០២៣នេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកសាងវេទិការសម្រាប់ការសិក្សា និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន។

លោក កាវ ជាន បានបន្តថា ពិព័រណ៍អប់រំនេះដែរមានសាកលវិទ្យាល័យ មហាវិទ្យាល័យ សាលាអន្តរជាតិ ស្ថាប័នអប់រំសរុបប្រមាណ៤០ទីតាំង មកពី១១ខេត្ត/ក្រុងនៃប្រទេសចិន រួមមាន៖ រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្តស៉ីឈួន ខេត្តក្វាងទុង និងតំបន់ស្វយ័តក្វាងស៉ី ព្រមទាំងមកពីប្រទេសសមាជិកអាស៊ានផ្សេងទៀតផងដែរ។ សាលាទាំងនេះគឺសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់សិស្ស-និស្សិតកម្ពុជា ថៃ ក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត។

ជាមួយគ្នានោះ លោក លី ជីងជុន បានចាត់ទុកពិព័រណ៍អប់រំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសលើវិស័យអប់រំ និងសិក្សាធិការ។

លោកប្រធាននាយកដ្ឋានសង្ឃឹមថា សិស្ស-និស្សិតកម្ពុជានឹងទទួលបានអាហារូបករណ៍កាន់តែច្រើនពីសាលានានានៅខេត្តក្វាងទុង និងខេត្ត/ក្រុងផ្សេងទៀតនៃប្រទេសចិន ហើយលោកក៏បានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាចូលទៅសាកសួរព័ត៌មាននៅតាមស្ដង់ពិព័រណ៍ទាំងឡាយ ក្នុងរយៈពេល២ថ្ងៃនេះ។

ទន្ទឹមនឹងនោះដែរ លោក ចាប សុថារិទ្ធ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំពិព័រណ៍អប់រំអាស៊ាន-ចិនលើកដំបូងនេះ ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្បូរបែបជូនដល់សិស្ស-និស្សិតកម្ពុជាក្នុងការបន្តការសិក្សាទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត (PHD)។ លោកបានចាត់ទុកថាព្រឹត្តិការណ៍២ថ្ងៃនេះ រួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ ទឹក អគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋលេខាធិការ ចាប សុថារិទ្ធ ក៏បានរំឭកពីទំនាក់ទំនងរវាងកម្ពុជានិងចិនដែលមានតាំងពីយូរមកហើយនោះ ពិសេសគឺការតភ្ជាប់ឡើងវិញដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ ដែលបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្ដែង កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះវិស័យអប់រំក៏ត្រូវបានពង្រឹងនិងពង្រីកកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ៕