(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងប្រាប់ នាយទាហាន ពលទាហាន ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សព្វថ្ងៃនេះបាននឹងកំពុងខិតខំ គិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះការតម្លើងប្រាក់បៀវត្ស ការផ្ដល់ប្រាក់របបផ្សេងៗ ដល់កងទ័ព ទាំងយោធិនវ័យចំណាស់ និងយោធិវ័យក្មេង។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៧០ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅ និងការលើកតម្កើនកិត្តិយសកងទ័ព តាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ប្រាក់របបផ្សេងៗ ការក្តាប់បាននូវតម្រូវការ សំណូមពរផ្សេងៗ និងការយកចិត្តទុកដាក់ផ្សេងៗ ចំពោះកងទ័ពទាំងយោធិនដែលមានវ័យចំណាស់ និងយោធិនវ័យក្មេងរបស់យើង»។
ក្នុងនោះដែរ លោក បានបន្ថែមថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការច្រើន ប៉ុន្ដែមាននៅសល់កិច្ចអវិជ្ជមានផងដែរ ហើយរាជរដ្ឋាភិបាលក៏ខិតខំធ្វើកំណែទម្រង ដើម្បីជួយរួមគ្នាដោះស្រាយឲ្យអស់ពីលទ្ធភាព ក្នុងន័យបង្រួមចំណុចអវិជ្ជមាន ពង្រីកចំណុចវិជ្ជមាន ដើម្បីបំពេញតម្រូវការជូនកងទ័ព។
ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត បានបន្ថែមថា កងទ័ពទាំងអស់ត្រូវចេះ សាមគ្គីភាព ព្រោះថាសាមគ្គីភាព គឺជាកត្តាចាំបាច់នៅក្នុងអង្គភាពមួយ ដើម្បីទទួលបានភាពជោគជ័យ ហើយទាហានដែលមានវ័យចំណាស់ និងទាហានវ័យក្មេង ត្រូវផ្សារភ្ជាប់ជាមួយគ្នា ដើម្បីពង្រីកការយល់ដឹង និងការដកបទពិសោធន៍ ពីគ្នាទៅវិញទៅមក ការគោរពស្រឡាញ់គ្នាប្រកបដោយគុណធម៌ ដើម្បីពង្រីកចំណេះដឹង សមត្ថភាពជំនាញ ក្នុងន័យរក្សាចាស់ពង្រីកថ្មី និងដើម្បីផ្តល់កិត្តិយសចំពោះកងទ័ព។
ជាមួយគ្នានោះដែរ លោក ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំគៀងគរ រកប្រភព និងសប្បុរសជនផ្សេងៗ ដើម្បីចូលរួមជួយកសាង នៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៧០ ហើយលោក សង្ឃឹមយ៉ាងមុតមាំថា ការជួបជុំនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីគោលនយោបាយ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយតម្រូវការ និងសំណូមពរផ្សេងៗរបស់កងទ័ព ដើម្បីបុព្វហេតុបម្រើការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕