(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉ន លំហាត់របៀប អប់រំចិត្តសាស្ត្រ និងក្បាច់គុនដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានសិក្ខាកាមចំនួន៨០នាក់ មានរយៈពេល៩២ថ្ងៃ។
អភិបាលរងខេត្តបានថ្លែងថា «ពិធីបើកវគ្គហ្វឹកហ្វឺន បំប៉ន លំហាត់របៀប អប់រំចិត្តសាស្ត្រ និងក្បាច់គុនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលរៀបចំពិធីបើកវគ្គនាពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើជំនាញ ពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណៈបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែក លើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី និងជាតិមាតុភូមិនៃយើង»។
លោកបន្ថែមថា គោលការណ៍មួយចំនួនជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យ គឺការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវមាន និងរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ សម្រាប់អនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅលើទីលាន។
ជាមួយគ្នានេះតំណាងសិក្ខាកាមបានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បាននាំយកនូវថវិការបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តចំនួន២លានរៀល ឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺននេះផងដែរ៕