(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិតថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងថា នៅឆ្នាំ២០២៣នេះ ខេត្តស្វាយរៀងមានអ្នកផ្ទុកមេរោគអេដស៍ចំនួន១.៦១៦នាក់។ ជាក់ស្តែង អ្នកជំងឺអេដស៍មកទទួលសេវា មានចំនួន១.៤៦២នាក់ និង១៥៤នាក់ កំពុងស្រាវជ្រាវរកដើម្បីឲ្យពួកគាត់មកទទួលសេវាទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានបន្តថា ជាលទ្ធផលនៃការផ្តល់សេវា៩ខែ ឆ្នាំ២០២៣ ចំនួនអ្នកមកធ្វើតេស្តឈាមរកមេរោគអេដស៍ មានចំនួន ១០.៧៩០នាក់ (ស្ត្រីមានផ្ទៃពោះ តេស្តបានចំនួន៤៩៩១នាក់) វិជ្ជមានសរុបចំនួន៥៦ ករណី (ស្ត្រីមានផ្ទៃពោះវិជ្ជមានចំនួន៣នាក់)។
ការថ្លែងលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា បានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា សហការជាមួយមន្ទីរសុខាភិបាលខេត្ត។
នៅក្នុងឱកាសនោះ បានធ្វើពិធីសំណេះ សំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៤៩នាក់ មកពី៥ស្រុក ក្រុងក្នុងខេត្តស្វាយរៀង គឺស្រុកស្វាយជ្រំ ស្វាយទាប រំដួល កំពង់រោទិ៍ និងក្រុងស្វាយរៀង ការចូលរួមពីលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា, លោក ម៉ែន វិបុល គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម។
លោក ម៉ែន វិបុល បានថ្លែងជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានលើកឡើងថា ប្រធានបទទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២៣ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជា ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។
អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ទាំង២៤៩នាក់ ក្នុង១នាក់ទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប សាប៊ូដុំ៤ដុំ ទឹកដោះគោខាប់៥កំប៉ុង ឃីត១កញ្ចប់(មុង១ភួយ ១សារ៉ុង១ក្រម៉ា១)ថវិកាធ្វើដំណើ ៥០,០០០ រៀល៕