(ប៉ៃលិន)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក លឹម អ៊ីវ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើដោយក្រុមការងារ និងមន្រ្តីបច្ចេកទេស បានអញ្ចើញចុះពិនិត្យមើលផ្លូវជនបទចំនួន១៤ខែ្ស ទូទាំងខេត្តប៉ៃលិន ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោក លឹម អ៊ីវ បានលើកឡើងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង តាមដានវាយតម្លៃការអនុវត្តការងារគម្រោង ថែទាំប្រចាំ និងខួបផ្លូវលំជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីធានាអនុលោមភាពតាមបទដ្ឋាន បច្ចេកទេស ឱ្យបានល្អប្រសើរបន្ថែមទៀត។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា «ផ្លូវជនបទទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលជាសរសៃឈាមក្នុងការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក និងងាយស្រួយ ដឹកកសិផលរបស់បងប្អនប្រជាពលរដ្ឋ ជាពិសេសឱ្យស្រប តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា»។
នាឱកាសនោះលោក លឹម អ៊ីវ ក៏បានស្នើដល់មន្ត្រីជំនាញ ឱ្យពិនិត្យមើលបច្ចេកទេស ក្នុងការការពារផ្លូវពីការបាក់រអិលជ្រេល បញ្ហាទឹកជំនន់ហូរដាច់ផ្លូវ ទឹកហូរនៅលើផ្លូវ ជាពិសេសមន្ទីរអភិវឌ្ឍនន៍ជនបទខេត្ត ត្រូវពន្លឿនការថែទាំផ្លូវ ទាំងអស់ឲ្យបានរហ័សទាន់ពេលវេលា ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរធម្មតាឡើងវិញ។
បើតាមរបាយការណ៍របស់លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ការចុះពិនិត្យមើលផ្លូជនបទនេះមានចំនួន១៤ខ្សែ ក្នុងនោះផ្លូវថែទាំប្រចាំចំនួន១២ខ្សែ ប្រវែងសរុបចំនួន ៩៧,០០០ម និងផ្លូវថែទាំខួបចំនួន ២ខ្សែ មានប្រវែងសរុបចំនួន ១០,១០០ម៕