(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងប្រតិភូរួមដំណើរជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ១ ធ្នូ ក្រោមប្រធានបទ «សមាគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៏» ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត នៅវត្តថ្លុកដង្កោរ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានអេដស៏ខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានគ្លិនិកផ្តល់សេវា ថែទាំ៣កន្លែង សេវាធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព៤០កន្លែង គ្លីនិកសុខភាពគ្រួសារ៤កន្លែង អ្នកផ្ទុកមេរោគអេដស៍ ចំនួន១៤៥៨នាក់ ស្រី៧២៩នាក់ ក្នុងនោះកុមារ២២នាក់។ លោករំពឹងថា ជោគជ័យជាស្ថាពរក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មី ឱ្យនៅកម្រិតជាអតិបរិមា ដើម្បីឈានទៅសម្រេចបានគោលដៅសូន្យបី និង៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ​ទោះជាយ៉ាងណាយើងត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺអេដស៏ឱ្យជាសះស្បើយបាននោះទេ ករណីឆ្លង​ក៏នៅកើតមានជាបន្តបន្ទាប់។

លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគោរពថ្លែងអំណរគុណ និងអាននូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៏ ជំងឺអេដស៏ និងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សកម្មជនជាតិ និងអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ នៅគ្រប់លំដាប់ថ្នាក់ក្រោម ប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប បន្តការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការបង្ការ ទប់ស្កាត់ ការចម្លងមេរោគអេដស៍នៅកម្ពុជា។ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈ បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ឲ្យជនរួមជាតិចូលរួម ក្នុងចរន្តជាតិតែមួយ ឈានឆ្ពោះទៅរកបញ្ចប់អេដស៍ នៅឆ្នាំ២០២៥។

លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលបបានគ្រប់គ្រងការទប់ស្កាត់ ការចម្លងមេរោគអេដស៍ ជំងឺកូវីដ១៩ និងបើកប្រទេសពេញលេញឡើងវិញដើម្បីស្តាអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឲ្យមានសមភាព និងជីវភាពប្រជាពលរដ្ឋប្រសើរឡើងវិញ។ តាមរយៈនេះសូមឲ្យប្រជាពលរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ចូលរួមជាកម្លាំងសាមគ្គី ទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឲ្យមានឆ្លង និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសស្ត្រីមានផ្ទៃពោះ ឲ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះគប្បីបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការ នៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ តាមរយៈសាលិខិតនេះ សូមផ្ញើដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវចូលរួមទប់ស្កាត់ និងបញ្ចប់ជំងឺអេដស៏ នៅឆ្នាំ២០២៥ រួមគ្នាអនុវត្តវិធីសាស្ត្រ មិត្តអប់រំមិត្ត​ ចាកឆ្ងាយពីគ្រឿងញៀន ខិតខំថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភ ប្រើថ្នាំប្រឆាំងមេរោគអេដស៏ ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ មិនត្រូវរើសអើងចំពោះអ្នកផ្ទុក និងសូមអំពាវនាវដល់ក្រុមបុរស រួមភេទជាមួយបុរស ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យ ត្រូវអនុវត្តវិធានការបង្ការការចម្លងឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងឈានទៅបញ្ចប់ជំងឺអេដស៏ នៅឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ក៏បានចែកជូនអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន៦៣នាក់ ដោយក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម ត្រីខ១យួរ និងថវិកា២ម៉ឺនរៀល ព្រមទាំងបានចែកជូនទឹកអនាម័យសម្លាប់មេរោគ ២០ប៊ីដុង ជូនដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ព្រមទាំងវត្ថុកំដរដៃរួមមាន សាប៊ូខ្លិន វិទ្យុ និងថវិកាមួយចំនួន ដល់យុវជន និងអ្នកស្ម័ក្រចិត្ត កាកបាទក្រហមក្នុងមូលដ្ឋាននោះផងដែរ៕