(កំពង់ធំ)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានចេញលិខិតបំភ្លឺចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមថា​ រដ្ឋបាលខេត្តមិនទទួលបបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលនាំឱ្យមានការភាន់ច្រឡំ ដល់សាធារណជន។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានបំភ្លឺដូចខាងក្រោម៖

ទី១៖ រដ្ឋបាលខេត្តកំពង់ធំ មិនដែលបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ៣៦គ្រួសារនោះទេ គឺរដ្ឋបាលខេត្ត ទទួលបានតែបណ្ដឹងពីលោកស្រី សុខ សុវណ្ណី ដែលទាមទារក្បាលដីលេខ១០២០ និង១០២១ ជាដីរបស់រដ្ឋដែល មានក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ហើយមានអគារការិយាល័យធ្វើការ តាំងពីមុនលោកស្រី សុខ សុវណ្ណី មកទិញដីពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារមកម្ល៉េះ។

ទី២៖ លោក អ៉ឹម ថន និងលោក ថន ពុទ្ធា ពិតជាបានជួលដីពីលោកស្រី សុខ សុវណ្ណី ពិតប្រាកដមែន ប៉ុន្តែមិនមែន ជួលដីដែលមានក្បាលដីលេខ ១០២០ និង១០២១នោះទេ គឺបានជួលក្បាលដីលេខ០០៣៩០៩ (ជាលេខក្បាលដី ដែលបានចុះបញ្ជីដាច់ដោយដុំ) ហើយទីតាំងដែលលោក ថន ពុទ្ធា បានជួលបច្ចុប្បន្នគឺនៅមាន សំណង់កញ្ចុះចំនួន០៩ និងបន្ទប់ចំនួន០២ រោងបាយ រោងស្នាក់នៅរោងលក់ដូររបស់លោក ថន ពុទ្ធា មិនទាន់រុះរើ នៅឡើយទេ ដែលបច្ចុប្បន្នលោកស្រី សុខ សុវណ្ណី បានឱ្យឈ្មោះ សាន យ៉ាន លក់ដូរសព្វថ្ងៃនេះ។

ទី៣៖ ចំពោះក្បាលដីលេខ០០៣៩០៩ ដែលបានចុះបញ្ជីដាច់ដោយដុំនោះ ទីតាំងដីនេះជាទីតាំងដីដែលលោកស្រី សុខ សុវណ្ណី បានទិញពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ក្នុងឆ្នាំ២០០៨ ហើយត្រូវបានលោកស្រី សុខ សុវណ្ណី បានទៅចុះបញ្ជីជាលក្ខណៈប្រព័ន្ធឡើងវិញដោយបំបែកជា ០៣ក្បាលដី គឺក្បាលដីលេខ ១០១៥, ១០២៣ និង១០០៣ តាំងពីឆ្នាំ ២០១២មកម្ល៉េះ។

ទី៤៖ លោកស្រី សុខ សុវណ្ណី ធ្លាប់ស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យផ្ទៀងផ្ទាត់លើដីទំហំ ១៣ហិកតា ៥០អា ដែលត្រូវបានគេឃុបឃិតរំលោភយកអស់ ០៣ហិកតា ស្ថិតនៅភូមិព្រៃព្រាល "ខ" ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រសួងបានពិនិត្យឃើញថាដីដែលជាកម្មវត្ថុនៃការប្តឹងទាមទារជាដីសាធារណៈរដ្ឋដែលគណៈកម្មការរដ្ឋបាលសម្រេចកាត់រក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដូច្នេះក្រសួងសម្រេចច្រានចោលករណីនេះទុកមិនចាត់ការតាមរយៈលិខិតលេខ ៣៤៧ដនស/អសដក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

ទី៥៖ ដីកាសម្រេចរក្សាការពារលេខ ១៤៩(ក)/២០២៣ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ធំ ដែលលោកស្រី សុខ សុវណ្ណី បានយកទៅបិទនៅលើរបងសង្ក័សីដែលមានខ្លឹមសារហាមឃាត់ ជាបណ្ដោះអាសន្ននូវសហកូនបំណុលរួមមានឈ្មោះ ហ៊ុយ ស៊ីយាង ភេទស្រី, ឈ្មោះ កែវ ដារ៉ាពង្ស ភេទប្រុស ឈ្មោះ សៅ វាសនា ភេទប្រុស, ឈ្មោះ បេង សុខវឿន ភេទប្រុស មិនឱ្យលក់ដូរ ផ្ទេរសិទ្ធិ ធ្វើអំណោយ ជួល បញ្ចាំ ធ្វើមរតកសាសន៍ ធ្វើអច័យទាន បង្កើតប្រាតិភោគ ធ្វើហ៊ីប៉ូតែក និងធ្វើការ្យ លើដី២កន្លែងជាប់គ្នា គឺជាការហាមឃាត់ដីរបស់លោកស្រី សុខ សុវណ្ណី ចំនួន ០៣ក្បាលដី គឺក្បាលដីលេខ ១០១៥, ១០២៣ និង១០០៣ មិនមែនជាការហាមឃាត់ដីរបស់សហកូនបំណុល និងក្បាលដីលេខ១០២០ និង១០២១ ដែលជាក្បាលដីរបស់រដ្ឋនោះទេ។ ម៉្យាងទៀតគ្រប់បណ្តឹងរបស់លោកស្រី សុខ សុវណ្ណី ប្ដឹងទៅតុលាការពាក់ព័ន្ធនឹងទីតាំងដីនេះ ត្រូវបានតុលាការ តម្កល់រឿងទុកមិនចាត់ការ និងច្រានបណ្តឹងចោល៕