(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ស.ស.ស.ក អង្គភាពគាំពារអ្នកព័ត៌មានថ្មីមួយនៅកម្ពុជា បានឧបត្ថម្ភថវិកាប្រមាណ ៥០ម៉ឺនរៀល ដើម្បីជួយសម្រាលទុក្ខលំបាកក្រុមគ្រួសារ លោក សៅ អ៉ិត អ្នកបើកបររថយន្តតាមយកព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលកំពុងសម្រាកព្យាបាលជំងឺ ដោយសារការឡើងសម្ពាធឈាមខ្ពស់។
ជាមួយនិងការប្រកាសឧបត្ថម្ភថវិកានេះហើយ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវសុំឲ្យ មន្ទីរពេទ្យព្រះកេតុមាលា ជួយបន្ធូបន្ថយតម្លៃព្យាបាល និងថ្លៃសម្រាកក្នុងមន្ទីរពេទ្យផងដែរ ដោយសារតែជីវភាពរបស់លោក សៅ អ៉ិត មានការខ្វះខាតច្រើន។ ទន្ទឹមនិងការឧបត្ថម្ភនេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏នឹងចុះសួរសុខទុក្ខ ព្រមទាំងនាំ ថវិកាជូនអ្នកជំងឺដល់មន្ទីរពេទ្យនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា លោក សៅ អ៉ិត អ្នកបើកបររថយន្តតាមយកព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រចាំស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានឡើងសម្ពាធឈាមខ្ពស់រហូតដល់កម្រើកខ្លួនមិនរួចកាលពីរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះ ពេលនេះរូបលោកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា។
លោក ចន្ថា អ្នកព័ត៌មាននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានប្រាប់ Fresh News មកដល់ថ្ងៃទី២០ ខែសីហា ដៃជើង និងដងខ្លួន មួយចំហៀងខាងស្តាំ របស់លោក សៅ អ៉ិត មិនអាចកម្រើកបាននោះឡើយ។ ក្រុមគ្រួសារក៏កំពុងពិចារណាក្នុងការយកលោក សៅ អ៉ិត ទៅព្យាបាលនៅក្រៅប្រទេសផងដែរ តែកំពុងមានការព្រួយបារម្ភច្រើន ដោយសារខ្វះខាតថវិកា។
លោក ចន្ថា បានឲ្យថា លោក សៅ អ៉ិត ដែលមានអាយុជិត ៥០ឆ្នាំទៅហើយនោះ បានបើករថយន្តឲ្យក្រុមអ្នកព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ តាមយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន ចុះទៅតាមបណ្តាខេត្តនានាតាំងពីអាណត្តិទីមួយមកម្ល៉េះ។
សូមរំលឹកផងដែរថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមខែសីហា ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធមួយនេះបង្កើតឡើងក្នុងគោលដៅធំជួយគាំពារដល់អ្នកសារព័ត៌មានកម្ពុជា និងជួយលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត៕