(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់យល់ដឹងផ្នែកច្បាប់ និងធានាប្រសិទ្ធិភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ក្នុងការដោះស្រាយបណ្តឹង វិវាទក្រៅប្រព័ន្ធតុលាការ ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ រយៈពេល១០០ថ្ងៃមកនេះ ក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នា ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច។
នាឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីគ្នាទៅវិញទៅមករវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នេះត្រូវបានបង្ហាញក្នុងក្របខណ្ឌ នៃគំនិតផ្តួចផ្តើមរួមគ្នា ក្នុងគោលបំណងលើកកម្ពស់សុច្ចរិតភាពផ្លូវច្បាប់ ជំរុញបរិយាកាស ផ្នែកគតិយុត្តិ ប្រកបដោយតម្លាភាព ដើម្បីធានាប្រសិទ្ធិភាពលើការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ក្នុងការលើកកម្ពស់គោលការណ៍យុត្តិធម៌ និងគណនេយ្យភាព នៅប្រទេសកម្ពុជា។
ទាក់ទងនឹងអនុស្សរណៈ នៃការយោគយល់គ្នា ក៏ដូចកិច្ចសហប្រតិបត្តិការ រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក លី ច័ន្ទតុលា បានបញ្ជាក់ថា នេះជាការផ្តួចផ្តើមគំនិតឲ្យមានការចូលរួមអនុវត្តកិច្ចការងារលើកកម្ពស់យល់ដឹងផ្នែកច្បាប់ ជាពិសេសការយល់ដឹងលើវិស័យអធិការកិច្ច ដូចជាការទទួលពាក្យបណ្តឹង និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ។
លោក លី ច័ន្ទតុលា បានបន្ថែមថា តាមរយៈអនុស្សរណៈនេះ ខាងគណៈមេធាវី អាចផ្តល់មេធាវីដើម្បីជួយការពារដល់ប្រជាពលរដ្ឋក្រីក្រ ដែលគាត់ត្រូវការមេធាវី តាមរយៈក្រសួងអធិការកិច្ច។ ការងារគណៈមេធាវី ក៏មានយន្តការចូលរួមការផ្សព្វផ្សាយ ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យអធិការកិច្ច។
លោកប្រធានគណៈមេធាវី បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ នៃអនុស្សរណៈយោគយល់នេះដែរ ខាងគណៈមេធាវីផ្តល់មេធាវី ចំនួន៥រូប ដើម្បីជួយកិច្ចការងារ ពាក់ព័ន្ធបេសកកម្មរបស់ក្រសួងអធិការកិច្ច ប៉ុន្តែបើមានតម្រូវការចាំបាច់ ក្នុងការជួយដោះស្រាយវិវាទ គណៈមេធាវីក៏នឹងបន្ថែមមេធាវីជូនថែមទៀតដែរ។ នៅក្នុងការផ្តល់មេធាវីជួយដោះស្រាយនេះ គឺមិនមានគិតថ្លៃសេវានោះទេ គឺជាការផ្តល់ជូន ដើម្បីជួយដល់កិច្ចការងារក្រសួងអធិការកិច្ច។
លោក លី ច័ន្ទតុលា បន្តថា ចំពោះការងារសំខាន់មួយទៀត គឺការបណ្តុះបណ្តាលផ្ទៃក្នុង ទាំងសម្រាប់មេធាវី ទាំងសម្រាប់មន្ត្រីក្រសួងអធិការកិច្ច ដោយយើងបណ្តុះបណ្តាលគ្នាទៅវិញទៅមក ដោយខាងគណៈមេធាវី ផ្តល់ជាបច្ចេកទេស ការដោះស្រាយបណ្តឹងផ្សេងៗ ហើយខាងក្រសួងអធិការកិច្ច អាចចែករំលែកជាបទពិសោធន៍ ចំណេះដឹង ពាក់ព័ន្ធនឹងវិស័យអធិការកិច្ចផងដែរ៕