(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជាមន្រ្តីជាន់ខ្ពស់កម្ពុជា បានចេញលិខិតចំហរមួយច្បាប់ដោយឆ្លើយតប នឹងទៅលោក សម រង្ស៊ី ជុំវិញការលើកឡើងថា «របបនេះជារបបផ្តាច់ការ មានបរទេសនៅពីខាងក្រោយខ្នង..​.»។

លិខិតចំហររបស់លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះថា៖

អាស្រ័យដោយអ្នកសារព័ត៌មាន បានលើកជាសំណួរឆ្លើយតប នៃការលើកឡើងរបស់ សម រង្ស៊ី ដែលថ្លែង តាមរយៈទំព័រផេតហ្វេសប៊ុកថា «ត្រួសត្រាយផ្លូវឲ្យកូនខ្មែរជំនាន់ក្រោយអោយបានស្គាល់នូវ លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដលើទឹកដីប្រទេសកម្ពុជា​ (I) ...យើងទម្លុះទម្លាយរាល់ឧបសគ្គ ដែល របបផ្តាច់ការ មានបរទេសនៅពីក្រោយខ្នង បានដាក់បាំងផ្លូវប្រជារាស្ត្រខ្មែរ មិនឲ្យយើងធ្វើដំណើរ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំមកនូវយុត្តិធម៌ និងភាពរុងរឿង ព្រមទាំងរំដោះប្រទេសជាតិ យើងពីក្រញាំ បរទេសឈ្លានពាន។….យុគសម័យថ្មី១ ដែលជាការបញ្ចប់ជាស្ថាពរ នូវរបបខ្មែរក្រហម រណបចិន និងរបបខ្មែរក្រហមរណបយួន ដែលចេញមកពីប្រភពតែមួយ គឺកុម្មុយនីស្តផ្តាច់ការ (II)…»

ចម្លើយរបស់ខ្ញុំ ឆ្លើយទៅកាន់អ្នកសារព័ត៌មានគឺ…នៅក្នុងចំណុចទី (I) នៃការលើកឡើងរបស់ សម រង្ស៊ី គឺជាការភូតភរ នៃអ្នកនយោបាយទុច្ចរិត ដែលធ្វើការ បោកប្រាស់ប្រជាពលរដ្ឋខ្មែរអស់រយៈពេលរាប់ទសវត្សមកហើយ។ នៅក្នុងបរិបទនេះ ខ្ញុំសូមឆ្លៀតឱកាសសម្តែងនូវអំណរគុណដល់ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែល មិនលង់នៅក្នុងការភូតភររបស់បុគ្គលនេះ អាស្រ័យហេតុដូច្នេះ ហើយបុគ្គលរូបនេះក៏ដូចជា បក្សពួករបស់គេ ស្ថិតនៅក្នុងភាពសត្យានុម័ត មិនទទួលបាននូវការ គាំទ្រពីប្រជាពលរដ្ឋខ្មែរ គឺគេស្ថិតនៅក្នុងភាពជាអចិន្ត្រៃយ៍នៃគណបក្សភាគតិច នៅក្នុងសភាជាប្រវត្តិរយៈកន្លងមក។

នៅក្នុងលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសខាងលិចមួយចំនួនធំបានអនុវត្តន៍ គឺគេមិនឈ្លោះ ប្រឆាំងមិនទទួលយកនៃការសម្រេចចិត្តនៃ ឆន្ទៈប្រជាពលរដ្ឋភាគច្រើន ក្នុងការសម្តែងមតិតាមរយៈ លទ្ធផលនៃការបោះឆ្នោតនោះទេ។ ជាឧទាហរណ៍ ជាក់ស្តែងស្រាប់ ក្នុងរយៈកន្លងរាប់អណត្តិមកហើយ ដែលបុគ្គល សម រង្ស៊ី និងបក្សពួករបស់គេបានបង្ហាញ ជាសាធារណៈ ក្នុងកិច្ចមិនទទួលស្គាល់លទ្ធផលនៃ សំដែងឆន្ទៈតាមរយៈលទ្ធផលនៃការបោះឆ្នោតសកលនៅកម្ពុជានេះ។

បុគ្គលនេះ និងបក្សពួករបស់គេ តែងតែស្វែងរកនូវហេតុផល គ្រប់ទិដ្ឋភាព ដើម្បីបំផ្លាញ់លទ្ធផលនៃការបោះឆ្នោតជាពិសេសយន្តការ និងនីតិវិធី និងដំណើរការ លទ្ធិប្រជាធិបតេយ្យនេះ នោះមិនគិតដល់សកម្មភាពយកលទ្ធផលនៃការ បោះឆ្នោត ឬដំណើរការនៃការបោះឆ្នោត បម្រើឥទ្ធិពល និងផលប្រយោជន៍បរទេស។​

ឧទាហរណ៍ ជាក់ស្ដែង សម រង្សី និងបក្សពួករបស់គេ គឺមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់កម្ពុជានោះទេ ដោយគេមិនព្រមចូលអង្គុយនៅក្នុងសភា ទោះបីទទួលបានការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរយ៉ាងណា ក៏ដោយ ក៏ប៉ុន្តែគេស្ដាប់បង្គាប់បរទេស ដែលបង្គាប់អោយគេចូលអង្គុយនៅក្នុងសភាវិញ នេះជាភាពអាម៉ាស់មួយដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ដែលកើតមានប្រាកដនៅលើទឹកដីកម្ពុជារួចស្រេចមកហើយ។ ក៏ប៉ុន្តែទោះជាយ៉ាងណាយន្តការ និងគោលការណ៍ នៃការបោះឆ្នោតតែងតែទទួលបាននូវកំណែទម្រង់ និងកិច្ចកែលម្អជាប្រចាំពីអណត្តិមួយទៅអណត្តិមួយ ដែលប្រទេសប្រជាធិបតេយ្យក្នុងលោកតែងតែ អនុវត្តជាប្រចាំ។ ដូច្នេះការតតាំងនយោបាយនៅក្នុងសភា ជាលំនាំនៃសកម្មភាពនយោបាយរបស់ ប្រជាជាតិប្រជាធិបតេយ្យ ដែលខុសពីសកម្មភាព ឧទ្ទាមរបស់បុគ្គល សម រង្សី និងបក្សពួករបស់ពួកគេអនុវត្តន៌ នៅកម្ពុជា។

ចំណុចទទី២ ដែលលើកឡើងដោយបុគ្គល សម រង្សី ដែលជាមេចលនាបដិវត្តន៍នេះ ដែលបានប្រើប្រាស់ពាក្យ៖ របបកុម្មុយនីស្តផ្ដាច់ការ ឧបសគ្គនៃផ្លូវប្រជាធិបតេយ្យ អយុត្តិធម៌ ពុករលួយ និងរំដោះប្រទេសជាតិយើង ពីក្រញាំបរទេសឈ្លានពាន គឺជាពាក្យ និងយុត្តិសាស្ត្របដិវត្តន៍របស់ក្រុមខ្មែរក្រហម ដែលជាក្រុមសម្ព័ន្ធរបស់ សម រង្សី ដែលគេបានបង្ហាញនៅធាតុ និងពណ៌ពិតប្រាកដ របស់រូបគេសារជាថ្មី និងជាសាធារណៈនៅពេលនេះ ក៏ដូចជា កាលពីអតីតកាលដែល សម រង្សី ប្រឆាំងនឹង រដ្ឋសភាជាតិខ្មែរ ក្នុងការដាក់ខ្មែរក្រហមនៅក្រៅច្បាប់។

ការលាបពណ៌ និងភូតភររាស្ត្រខ្មែរ វាហួសសម័យហើយ ហើយការភូតភរនេះ ក៏ពុំទទួលបានលទ្ធផលក្នុងរយៈកន្លងមកដែរ ការក្រាញ់អំណាចជាប្រធានគណបក្ស សម រង្សី ក៏ដូចជាគណបក្សសង្គ្រោះជាតិ ក៏បង្ហាញយ៉ាងច្បាស់នូវភាពក្រាញ់អំណាចរួចមក ហើយទោះបីគណបក្សទាំងពីរនេះ មិនទទួលបានជោគជ័យ នៅក្នុងអណត្តិមួយនោះ, នោះមិនគិតប្រពន្ធ-កូន ដែលស្ថិតនៅក្នុងរង្វង់អំណាច នៅក្នុងការគ្រប់គ្រងគណបក្សទាំងពីរនោះ។ ផ្ទុយពីកម្ពុជាបច្ចុប្បន្នកាល ដែលកំពុងនឹងរួមគ្នាប្រឹងប្រែងរក្សាសណ្តាប់ធ្នាប់សង្គម សន្តិភាព និត្យានុកលភាពរដ្ឋដើម្បីឱកាស អភិវឌ្ឍសង្គម ដែលជាឧត្តមប្រយោជន៍របស់ប្រជារាស្រ្ត។

សកម្មភាពកៀងគរ នាំគ្នារំដោះប្រទេសជាតិ ឬបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ គឺជាសកម្មភាពរដ្ឋប្រហារដែលយើង មិនអនុញ្ញាត និងអនុគ្រោះ បើទោះជា បុគ្គលផ្ទាល់ខ្លួន ក្រុម ឬគណបក្សនយោបាយណាមួយ។ រាជរដ្ឋាភិបាល និងចាត់គ្រប់វិធានការតាមច្បាប់ជាធរមានក្នុងការលុបបំបាត់ប្រឆាំងនឹងចលនា ខុសច្បាប់ ដែលដឹកនាំដោយ សម រង្ស៊ី និងបក្សពួក បើទោះជាតម្លៃណាមួយនោះ៕