(ភ្នំពេញ)៖ គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺ ករណីដែល បុគ្គល ពឿយ មេត្តា បានឡាយ (Live) តាមបណ្តាញសង្គម ហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្តីពីការទាមទារភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្លួន ក្រោយពេលដែលតុលាការ វិនិច្ឆ័យសម្រេចទោសតាមនីតិវិធីច្បាប់ និងវិន័យឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លងមក។

សេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបំភ្លឺដូចតទៅ៖

១៖ ករណីបុគ្គល ពឿយ មេត្តា បានលើកឡើងថា គណៈសង្ឃនាយក គណៈមហានិកាយ ចង់បានវត្តខ្មែរនៅប្រទេសជប៉ុនក្ដី និងនៅប្រទេសឥណ្ឌាក្ដី ដែលព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបាន រួបរួមគ្នាកសាងនោះ ការចោទប្រកាន់របស់បុគ្គល ពឿយ មេត្តាខាងលើនេះ គឺខុសពីការពិតទាំងស្រុង មិនត្រឹមត្រូវតាមហេតុផលនោះឡើយ។ តាមការពិត គណៈសង្ឃនាយក តែងតែជួយសម្របសម្រួលជានិច្ចទាក់ទងនឹងអធិករណ៍វត្តខ្មែរ នៅប្រទេសជប៉ុន ពុំដែលមានបំណងអាក្រក់ណាមួយ ក្នុងការចាត់ចែងវត្តនោះទេ។

២៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកមានចំណាត់ការតាមវិន័យសង្ឃ រីឯតុលាការជាអ្នកវិនិច្ឆ័យ និងជម្រះទោសទណ្ឌតាមច្បាប់រដ្ឋចំពោះបុគ្គល ពឿយ មេត្តា ជាងនេះទៅទៀតគណៈសង្ឃនាយក មានបុព្វសិទ្ធិ និងឆន្ទានុសិទ្ធិពេញលេញ ក្នុងការសហការជាមួយស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីច្បាប់រដ្ឋ និងវិន័យព្រះពុទ្ធសាសនា។

៣៖ ទាក់ទងទៅនឹងបទល្មើសព្រហ្មទណ្ឌ ដែលតុលាការបានជំនុំជម្រះ និងសម្រេចទោសឱ្យបុគ្គល ពឿយ មេត្តា ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ គឺជាសិទ្ធិសម្រេចរបស់ស្ថាប័នតុលាការ ពុំមែនជាសមត្ថកិច្ចរបស់គណៈសង្ឃនាយក គណៈមហានិកាយឡើយ។ ក្នុងករណីបុគ្គល ពឿយ មេត្តា ចង់បានភាពយុត្តិធម៌សម្រាប់ខ្លួនផ្ទាល់ គួរគប្បីតវ៉ាទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។ ចំណែកឯភាពស្អាតស្អំបរិសុទ្ធ មិនបរិសុទ្ធនោះ គឺស្ថិត នៅលើខ្លួនឯងសុទ្ធសាធ គ្មានបុគ្គលណាម្នាក់ អាចធ្វើឱ្យស្អាតស្អំបរិសុទ្ធបានឡើយ សមដូចពុទ្ធភាសិតថា «សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ»

៤៖ ចំពោះការបួសឡើងវិញរបស់បុគ្គល ពឿយ មេត្តា បន្ទាប់ពីចេញពីពន្ធនាគារ គណៈសង្ឃនាយក ពុំបានទទួលស្គាល់ភេទជាសង្ឃជាលើកទី២ របស់បុគ្គលនេះឡើយ ដោយមូលហេតុបុគ្គលនេះ យកស្បង់ចីពរពាក់ ដោយខ្លួងឯង ពោលគឺក្លែងភេទជាសង្ឃគ្មានឧបជ្ឈាយ៍បំបួសត្រឹមត្រូវ តាមវិន័យសង្ឃនោះទេ។ ការធ្វើបែបនេះ ជាការធ្វើបែបអត្តនោម័តប្រាសចាកធម៌វិន័យគ្មានហិរិ និង ឱត្តប្បៈ ដើម្បីបង្កអធិករណ៍រឿងរ៉ាវ និងប្រព្រឹត្តអំពើទុច្ចរិតតទៅទៀត៕