(វៀតណាម)៖ បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបសវនាការជាមួយ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាមកម្ពុជា នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ នាទីក្រុងហាណូយ។

នៅក្នុងឱកាសនោះ លោក Nguyen Duc Hai បានអបអរសាទរចំពោះការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជា កាលពីខែកក្កដាកន្លងមក ក៏ដូចជាការបង្កើតនូវរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ លោកអនុប្រធានរដ្ឋសភាបានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ។

លោក Nguyen Duc Hai ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី អមដោយសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអាណត្តិថ្មី មកកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលដ៏ជ្រាលជ្រៅ និងការជឿជាក់គ្នារវាងប្រទេសទំាងពីរ។ លោកចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ​ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

លោកបានស្នើសូម​ សម្តេចប្រធានរដ្ឋសភា​ បន្តជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងក្រុមមិត្តភាពសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម។

ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រប្រសាសន៍លើកឡើងរបស់អនុប្រធានរដ្ឋសភាវៀតណាម។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់នាឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។

សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតឡើងដោយ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានហូជីមិញ ជាទំនាក់ទំនងក្នុងកាលៈទេសៈលំបាកហើយបានប្រកៀកស្មាគ្នាតស៊ូ ដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងការទទួលបានឯករាជ្យ។

សម្តេចរដ្ឋភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាពនិងការអភិវឌ្ឍសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួមចំណែកដល់ការកសាងសុខសន្តិភាព ស្ថិរភាពដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក។

សូមជម្រាបថា​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន និងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន៣ថ្ងៃ គឺពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់មកនឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត។

ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពលើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៧ ទៅកាន់ប្រទេសជិតខាងនាពេលនេះ មិនត្រឹមបានពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជំរុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទៀតផង៕