(កោះកុង)៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បានចេញវីដេអូសំណូមពរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយឧបត្ថម្ភបណ្តាញអគ្គិសនី និងសេវាទូរស័ព្ទទៅដល់មូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋទាំងនោះ នាកន្លងទៅ ធ្លាប់ជឿលង់តាមការញុះញង់ និងបំផុសបំផុលរបស់ លោក អាឡិចសង់ដ្រូ ជនជាតិអេស្ប៉ាញ ដែលជាស្ថាបនិកចលនាមាតាធម្មជាតិ ដោយចូលរួមរារាំងចំពោះការអភិវឌ្ឍវារីអគ្គិសនី នៅក្នុងមូលដ្ឋានខេត្តកោះកុង។

លោក យឹម នី បច្ចុប្បន្នរស់នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បានទទួលស្គាល់កំហុស ដោយសារតែការជឿលង់តាមការញុះញង់ បំផុសបំផុលនេះ ហើយអះអាងថា ពេលនេះលោកបានទទួលព័ត៌មានពិតរបស់រាជរដ្ឋាភិបាល និងសារសំខាន់នៃការអភិវឌ្ឍយ៉ាងច្បាស់លាស់។

ទាំងលោក យឹម នី និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ ក៏បានស្នើដោយទទូច ដល់សម្តេចធិបតី ពង្រីកការតបណ្តាញអគ្គិសនី និងសេវាទូរស័ព្ទ មកដល់មូលដ្ឋាននេះ។ ប្រជាពលរដ្ឋ បានអះអាងថា កន្លងមកប្រជាពលរដ្ឋនៅតំបន់នេះ ប្រើប្រាស់សូឡា និងភ្លើងអាគុយ-ពិលជាដើម ដើម្បីបំភ្លឺ ដែលមានការលំបាកក្នុងការរស់នៅ ហើយក៏គ្មានសេវាទូរស័ព្ទ ដើម្បីធ្វើទំនាក់ទំនងជាមួយបងប្អូននោះទេ៕

ខាងក្រោមនេះជាវីដេអូរបស់ ប្រជាពលរដ្ឋឃុំជំនាប់ សំណូមពរទៅកាន់សម្តេចធិបតី៖

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/162122