(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូមួយចំនួនទៀត បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ នៅវេលាម៉ោង ២៖៣០នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ច ទៅប្រទេសទីម័រខាងកើត ដើម្បីចូលរួមខួប លើកទី៤១នៃការបង្កើត កងកម្លាំងរំដោះជាតិ របស់ប្រទេសនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តី ប្រទេសទីម័រខាងកើតផងដែរ។
ក្រោយធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ទៅប្រទេសទីម័រខាងកើត កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយ លោក Rui Maria de Aruajo នាយករដ្ឋមន្រ្តីទីម័រ ដោយបានចុះកិច្ចព្រមព្រៀង សំខាន់ៗ ចំនួន៣ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងទីម័រ កិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ១) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច,២)កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ និងទី៣) អនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ។
នៅថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតទីម័រ ឲ្យមកសិក្សានៅប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅក្នុង ប្រទេសទីម័រ។
ក្រៅពីនោះ តាមរយៈ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់បន្ថែមថា កម្ពុជា ក៏នឹងផ្តល់នូវកិច្ចសហការជាច្រើនទៀត ដូចជាការអភិវឌ្ឍលើវិស័យកសិកម្មជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រទេសមួយនេះ។តែបើទោះ បីជាយ៉ាងណា កម្ពុជា ក៏បានស្នើឲ្យប្រទេសទីម័រ ជួយទិញផលិតផលកសិកម្មរបស់កម្ពុជាផងដែរ ដែលតាមការរំពឹងទុកទីម័រ នឹង ជួយទិញអង្ករពីកម្ពុជាមួយចំនួន ដើម្បីផ្គត់ផ្គង់លើទីផ្សាររបស់គេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍មោទនភាព ដែលបានជួយជ្រោមជ្រែងប្រទេសទីម័រ ឲ្យបានឆាប់ចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ មន្រ្តីជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោ រួមមានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត៕