(កំពង់ធំ)៖​ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចុះសួរសុខទុក្ខ និងសំណោះសំណាល ព្រមទាំងនាំយកអំណោយជាស្បៀងបម្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៣០គ្រួសារ ដែលប៉ះពាល់ដោយទឹកជំនន់ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

នាឱកាសនោះលោក ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំសុខភាព រស់នៅស្អាតមានអនាម័យ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

សូមញ្ជាក់ផងដែរថា អំណោយដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣៣០គ្រួសារ ជាអំណោយរបស់ស្អៀងបម្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាននូវ ÷ អង្ករ០១បេ មី០១កេស ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី០១យួរ ត្រីខកំប៉ុង ០១យួរ និងទឹកសុទ្ឋ ០១កេសផងដែរ៕