(ភ្នំពេញ)៖ លោក កុយ សុវណ្ណ ត្រូវបានស្រ្តីម្នាក់ឈ្មោះ បូ សេរីរ័ត្ន ដែលជាស្រ្តីមេម៉ាយចោទប្រកាន់ រំលោភយកដីមួយកន្លែងទំហំ២០គុណ៤០ម៉ែត្រ ស្ថិតនៅភូមិព្រែកគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងចោទថា រូបលោកគឺជាមន្រ្តីយោធាផ្កាយមួយ ដែលមានតួនាទីជាមេបញ្ជាការរងកងអន្តរាគមន៍លេខ៥ និងជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ហីុង ប៊ុនហៀង ទៀតផង។
សម្រាប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានខាងលើនេះ លោក កុយ សុវណ្ណ បានបញ្ជាក់ និងធ្វើការបដិសេធចោលទាំងស្រុងពីព្រោះលោក គឺជាប្រជាពលរដ្ឋសាមញ្ញ និងអ្នករកសីុធម្មតាប៉ុណ្ណោះ មិនមែនជាមន្រ្តីយោធា និងអង្គរក្សអ្វីនោះឡើយ។ យ៉ាងណាក៏ដោយ លោក កុយ សុវណ្ណ ក៏បានបញ្ជាក់ផងដែរថា សម្រាប់មុខតំណែង និងមានតួនាទីជាយោធានេះ គឺរូបលោកបានលាឈប់ ជាងមួយឆ្នាំមកហើយ មិនមានការជាប់ពាក់ព័ន្ធអ្វីទៀតនោះទេ។
លោកក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងឡាយ សូមកុំឲ្យមានការយល់ច្រឡំចំពោះករណីនេះ ដែលអាចនាំឲ្យប៉ះពាល់ដល់អង្គភាព ដោយសារតែការយកព័ត៌មាន មិនមែនជាការពិតនេះ ទៅផ្សព្វផ្សាយបែបនេះតទៅទៀត។
ការចេញមកបដិសេធខាងលើនេះ របស់លោក កុយ សុវណ្ណ បានធ្វើឡើងភ្លាមៗ ក្រោយពេលដែលស្រ្តីឈ្មោះ បូ សេរីរ័ត្ន នេះ បានចោទប្រកាន់រូបលោកជាយោធាផ្កាយ១ ទៅរំលោភដីដែលនាំឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងអង្គភាពអង្គរក្សយ៉ាងខ្លាំង ដោយយកទៅបង្ហោះតាមបណ្តាញសង្គម Facebook បែបនេះ។ លោកក៏បានព្រមានប្តឹងចាត់ការតាមច្បាប់ពីបទបរិហាកេរ្តិ៍ បើសិនស្រ្តីរូបនេះ នៅតែបន្តយកឈ្មោះលោក ទៅផ្សព្វផ្សាយបែបនេះទៀត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។
សម្រាប់បញ្ហាទំនាស់ដីនៅឯខេត្តសៀមរាបនោះ លោកធ្លាប់ធ្វើការបកស្រាយហើយថា តាមពិតដីមួយកន្លែងនេះ គឺលោកបានទិញពីឈ្មោះ ឡែម មករា ត្រឹមត្រូវដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ហើយដីរបស់ឈ្មោះ បូ សេរីរ័ត្ននោះ គឺស្ថិតនៅខាងក្រោយដីរបស់លោកទេ តែគាត់ចង់បានទើបប្រឌិតរឿងបែបនេះទៅ៕