(ភ្នំពេញ)៖ ជនមានពិការភាពភ្នែក និងកាយសម្បទា ១៣០នាក់ បានទទួលការពិគ្រោះ ពិនិត្យព្យាបាល ជំងឺពីមន្ទីរពេទ្យជាតិតេជោសន្តិភាព ដើម្បីអបអរសាទរទិវាជនមានពិការភាព ដែលប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី បានសហការស្នើសុំក្រសួងសុខាភិបាល ដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺដល់ជនមានពិការភាពភ្នែកនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្នុងនោះជនមានពិការភាពចំនួន ១៣០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាល នៅមន្ទីរជាតិតេជោសន្តិភាព។
ពិធីនេះប្រព្រឹទ្ធទៅក្រោមអធិបតីភាពលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព លោក លោកស្រីនាយករង និងលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិត តារាសិល្បៈករ សិល្បៈការិនីមកពីគ្រួសារតារាកម្ពុជា សរុបប្រមាណ ១៥០នាក់។
លោក ចាប តូ បានពាំនាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខដល់បងប្អូនជនមានពិការភាព និងកាយសម្បទាពីសំណាក់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានធ្វើរបាយការណ៍សង្ខេបជូនអង្គពិធីដោយបានលើកឡើងថា បច្ចុប្បន្ននេះជនមានពិការភាពចំនួន ២៨៨,៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយក្រសួងបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២,១៤៨បណ្ណ។
លោកអនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា កន្លងមកក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យជនមានពិការភាពភ្នែក និងកាយសម្បទានៅកម្ពុជាពិតជាមានសំណាងនៅមានភ័ព្វវាសនា ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិជនមានពិការភាពនៅកម្ពុជា។
ឈ្លៀតក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានសំណូមពរទៅក្រសួងសុខាភិបាល ជួយជំរុញមន្ត្រីជំនាញ ដើម្បីឱ្យជនមានពិការភាពទទួលបានការបញ្ជាក់ប្រភេទ និងកម្រិតពិការភាព ដើម្បីប្រឡងយកបណ្ណ្ណបើកបរស្របតាមប្រកាសអន្តរក្រសួង ៣២២ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រវាងក្រសួងសាធារ ណៈការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព គឺស្នើឲ្យមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ខណ្ឌ និងមណ្ឌលសុខភាពឃុំ សង្កាត់ ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព។ ព្រមទាំងស្នើសុំឱ្យក្រសួងសុខាភិបាលអនុវត្តកម្មវិធីពិនិត្យសុខភាពនេះឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
លោកស្រី ញ៉ែម មរកត បានលើកឡើងថាជនពិការលំបាកណាស់ក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាការចល័តខ្លួន ពិសេសបងប្អូនជនមានពិការភាពភ្នែកគឺមើលអ្វីមិនឃើញទាំងអស់ មិនដឹងថារូបរាងខ្លួនយ៉ាងម៉េច ហើយខ្លួនឈឺអ្វី មានបញ្ហាអ្វីកើតឡើងលើរាងកាយ។ល។ កន្លងមក ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី សម្តេចតេជោពុក និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកព្រះទ័យទុកដាក់ និងយកចិត្តទុកដាក់ ព្រះរាជទាន និងជួយឧបត្ថម្ភដល់កូនចៅពិការភ្នែក កាយសម្បទា ឲ្យមានកន្លែងស្នាក់នៅ រៀនជំនាញ និងគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ សាងសង់មន្ទីរពេទ្យធំៗ ដែលក្នុងនេះជនពិការទាំងអស់ទទួលបាននូវសេវាផ្សេងៗ និងផលប្រយោជន៏ច្រើនពីរាជរដ្ឋាភិបាលដោយគ្មានការរើសអើង។ ដោយឡែកក្រសួងកិច្ចការនារី ក៏មានផែនការយុទ្ធសាស្រ្ត ក្នុងនេះនាយកដ្ឋានសុខភាព និងក្រុមការងារផ្តោតការចិត្តទុកដាក់ជួយផ្សព្វផ្សាយ ចុះបង្រៀនដល់សហគមន៏ឲ្យស្រ្តី និងក្មេងស្រីចេះថែទាំសុខភាព និងផ្តល់អាហារូបត្ថម្ភដល់កូនចៅ។
លោកស្រី ញ៉ែម មរកត បានស្នើសុំអនុញ្ញាតជាគោលការណ៍ទៅលោករដ្ឋមន្ត្រី ក្រសួងសុខាភិបាលតាមរយៈ លោកស្រី យក់ សម្បត្តិ មេត្តាផ្តល់អទិភាពដល់ជនមានពិការភាព បានមកពិនិត្យសុខភាព ព្យាបាលជំងឺ សម្រាលកូន នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ជាបន្តដោយកុំមានការរើសអើង។
លោកស្រី យក់ សម្បត្តិ បានប្រកាសយកសំណើខាងលើរាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីសិក្សា និងធ្វើយ៉ាងណាឱ្យបានលឿនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់មន្ទីរពេទ្យរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដល់ជនមានពិការភាពភ្នែក និងកាយសម្បទានៅទូទាំងប្រទេសកម្ពុជា ដែលកន្លងមកក្រសួងសុខាភិបាលតែងតែយកចិត្តទុកដាក់ដល់ជនមានពិការភាពទាំងអស់ បើទោះបីជាមានបណ្ណក្តី និងមិនមានបណ្ណក្តី មន្ទីរពេទ្យតែងតែព្យាបាលយ៉ាងយកចិត្តទុកដាក់សម្រាប់ជនមានពិការភាព។
នៅក្នុងកម្មវិធីពិគ្រោះ និងព្យាបាលជំងឺទូទៅដល់ជនមានពិការភាពភ្នែក និងកាយសម្បទា លោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឧបត្ថម្ភអាហាថ្ងៃត្រង់ជូនជនមានពិការភាពភ្នែក និងកាយសម្បទាទាំង ១៣០នាក់ដែលអញ្ជើញមកពិនិត្យសុខភាព៕