(ភ្នំពេញ)៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣៣ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព ហើយត្រូវរួចរាល់ទៅតាមផែនការគ្រោងទុក។

នាឱកាសនោះដែរលោករដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុន ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក រក្សាសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ចៀសចរាចរណ៍ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីតាំងក្នុងក្រុងកែប និងទីតាំងសម្រាប់ពិធីបុណ្យសមុទ្រនាពេលខាងមុខ។

សូមជម្រាបជូនថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចវឌ្ឍនភាពការងារបាន៣៥.៩៩% ហើយ៕