(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់មន្ដ្រីនគរបាលរួមមាន ស្នងការរង នាយការិយាល័យ នាយការិយាល័យកណ្ដាល អធិការ អធិការរងស្រុក ក្រុង និងប៉ុស្តិ៍ទាំង៦៩ នៃខេត្តកំពង់ឆ្នាំង សរុបប្រមាណជាង៤០០នាក់។
បន្ទាប់ពីផ្សព្វផ្សាយខ្លឹមសារអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន លោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត ក៏បានសរុបរបាយការណ៍ប្រចាំខែ ដោយវាយតម្លៃខ្ពស់លើការគ្រប់គ្រងសភាពការសន្តិសុខសាធារណៈ បទល្មើសផ្សេងៗ គ្រប់គ្រងមុខសញ្ញា និងបង្ក្រាបចោរប្លន់ប្រដាប់អាវុធ នៅព្រៃខ្មែរ និងត្បែងខ្ពស់ កន្លងមកត្រូវបានបញ្ចប់ដោយប្រគល់ឲ្យទៅតុលាការ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ត្រូវរឹតបន្តឹងនៅក្នុងក្រុងកំពង់ឆ្នាំង ដោយដាក់ប៉ុស្តិ៍១១ គោលដៅនៅពេលយប់ គ្រប់គ្រងលើការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសទប់ស្កាត់ការីករាលដាលគ្រឿងញៀន ដល់សិស្សានុសិស្ស ដោយគិតចាប់ពីទីក្រុង រហូតដល់ជនបទ។
សូមបញ្ជាក់ថា ខ្លឹមសារសំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺប្រយុទ្ធប្រឆាំងលើការប្រើអាវុធខុសច្បាប់ គ្រឿងញៀន លុបបំបាត់ចំណុចអសកម្ម ជាពិសេសលើការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណគំរូថ្មី គ្រប់គ្រងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ បង្ក្រាបទប់ស្កាត់ការឈូសឆាយដីព្រៃ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ គ្រប់ប្រភេទ៕