(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិន ប្រមាណ ១៦៨នាក់ និងក្រុមការងារសរុប ២៥០នាក់ បានមកធ្វើកម្មវិធីមនុស្សធម៌ដោយនឹងចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សណ្តែក ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

ដំណឹងនេះ ត្រូវបានប្រកាសឡើង ក្នុងកម្មវិធី «វេទិកាសប្បុរសធម៌ ក្រោមកិច្ចសហការរវាង សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា និង Rotary» ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាអគារ The Gate Way។

ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា បានកោតសរសើរ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរួមចំណែក លើកស្ទួយវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៨ ដើម្បីទ្រទ្រង់ និងរួមចំណែក កសាងសង្គម-សេដ្ឋកិច្ចកម្ពុជា។

អ្នកឧកញ៉ា បានបន្តថា កន្លងមក សមាគមបានចូលរួមជួយឧបត្ថម្ភដល់ការសិក្សារបស់ សិស្សានុសិស្ស និងនិស្សិត ច្រើនរូបជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីជម្រុញការអភិវឌ្ឍចំណេះ ជំនាញ ដែលជាធនធានសំខាន់សម្រាប់សង្គម និងប្រទេសជាតិ។ ក្រៅពីកត្តាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស សមាគមក៏បានផ្ដោតលើការលើកកម្ពស់ សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ ព្រោះថាការថែរក្សាសុខភាពបានល្អប្រសើរ ជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋក្នុងការកសាងជីវភាពរបស់ខ្លួន។
 
អ្នកឧកញ៉ា បានបន្ថែមថា បន្ថែមពីនេះ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាកត្តាសក្ដានុពលដែលជួយដល់សមាគមអាចកសាងទំនុកចិត្តជូនដល់ ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំ មកពីប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ និងទីក្រុងតៃប៉ិ ប្រទេសចិន បានចូលមកក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត និងកំពុងមានវត្តមាននៅទីនេះប្រកបដោយភាពសប្បាយរីករាយ។
 
សូមបញ្ជាក់ថា កម្មវិធីសប្បុរសធម៌របស់ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ខាងមុខនេះដោយនៅថ្ងៃទី០១ ខែធ្នូ សមាគមនឹងរៀបចំក្រុមការងារនាំយកសម្ភារសិក្សាជាកាតាបស្ពាយ ផ្ដល់ជូនសិស្សានុសិស្សចំនួន ១២០០នាក់។
 
នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែធ្នូ ក្រុមគ្រូពេទ្យទាំងអស់បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ជាង ៥ពាន់នាក់ នៅទីតាំងឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងន័យសប្បុរសធម៌ និងលើកកម្ពស់សុខុមាលភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដោយស្មើភាពគ្នា និងមិនមានការរើសអើងណាមួយឡើយ។
 
អ្នកឧកញ៉ា បានថ្លែងអំណរគុណជូនចំពោះវត្តមានគណៈអធិបតី ដែលបានផ្ដល់កិត្តិយសចូលរួមវេទិកាដ៏ឧត្តុង្គឧត្តមនាពេលនេះដែលបានបង្ហាញអំពីការគាំទ្រសមាគមលើសកម្មភាពសប្បុរសធម៌ដែលបានផ្ដួចផ្ដើមឡើងរវាងសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា  និង World Rotary។ ជាពិសេស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យមកពីបណ្ដាប្រទេសជប៉ុន ប្រទេសកូរ៉េ និងទីក្រុងតៃប៉ិ ប្រទេសចិន រួមទាំងក្រុមការងារទាំងអស់ ដែលបានចំណាយទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនទាំងស្រុង ដែលបានសរបញ្ជាក់ពីទឹកចិត្តសប្បុរសថ្លៃថ្លាក្នុងការជួយដល់ប្រជាជនកម្ពុជា គួរឲ្យកោតសរសើរជាទីបំផុត៕