(កំពត)៖ អនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ និងអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានដឹកនាំក្រុមការងារ មន្ត្រី អាជ្ញាធរ និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងសាងសង់ផ្ទះជូនគ្រួសារយុវសិស្ស អន ផានិត។

ផ្ទះដែលគ្រោងសាងសង់នេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុវសិស្ស អន ផានិត ជាសិស្សប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A មកពីវិទ្យាល័យជាស៊ីមអង្គរជ័យ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជីវភាពខ្វះខាត ព្រមទាំងមានឪពុកម្តាយជាជនពិការផងដែរ។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ខេង សាម៉េត បានលើកឡើងថា ក្រោយពីទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារយុវសិស្ស អន ផានិត ដែលមានជីវភាពខ្វះខាតកាលពីថ្ងៃម្សិលមិញ បានអនុញ្ញាតឲ្យលោកដឹកនាំក្រុមការងារដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះមកពិនិត្យនិងសិក្សាផ្ទាល់ដល់ទីតាំងជាក់ស្តែង ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគ្រួសារយុវសិស្សរូបនេះនាពេលដ៏ខ្លីខាងមុខនេះ។

លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នៅតែគិតគូរជានិច្ចរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ពិសេសសិស្ស និស្សិតក្រីក្រ ដែលជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែទទួលរ៉ាប់រងទំនុបបម្រុង និងឧបតម្ភគាំទ្រដល់ការសិក្សារៀនសូត្រជានិច្ច។

ជាក់ស្តែង ការឧត្ថម្ភសម្រាប់យុវសិស្ស អន ផានិត នាពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្ស និស្សិតដែលមានជីវភាពក្រីក្រជួបការលំបាក ធ្វើយ៉ាងណាឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីជួយជ្រោងជីវភាពគ្រួសារ ក៏ដូចជាចូលរួមបំរើប្រទេសជាតិ និងប្រជាជនកម្ពុជា។

អ្នកស្រី តុប មករា ជាម្តាយរបស់យុវសិស្ស អន ផានិត រួមទាំងស្វាមី និងកូនៗ ក៏បានសម្ដែងនូវក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរមានចិត្តសណ្តោសប្រណីយកចិត្តទុកដាក់ទំនុកបម្រុងចំពោះការសិក្សារៀនសូត្ររបស់កូន ក៏ដូចជាផ្តល់ផ្ទះថ្មី ការទំនុកបម្រុងផ្សេងៗទៀតដល់ក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការលំបាក។

យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន៖

១. ជួយឱ្យបានចូលរៀនជំនាញវិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃយុវសិស្ស អន ផានិត រួមជាមួយការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែក្នុងការរៀនសូត្រ។

២. ទទួលបានការស្នាក់នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។

៣. សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ លោក សេង ទៀង និងលោកនាយឧត្តមសេនីយ៍ ខេង សាម៉េត ចុះផ្ទាល់ និងជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារ។

៤. ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេកន្លងមកឱ្យអស់។

៥. ឧបត្ថម្ភប្រចាំខែ១លានរៀលដល់ក្រុមគ្រួសារយុវសិស្ស អន ផានិតដើម្បីសម្រួលជីវភាព៕