(កោះកុង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយបានផ្ដាំផ្ញើជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរ ចូលរួមថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានស្រាប់ និងបន្តបង្កើនស្នាដៃថ្មីៗបន្ថែមជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ រួចមក លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានថ្លែងថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោករដ្ឋមន្រ្ដីបានជម្រាបជូនពីយុទ្ធសាស្ត្រអាទិភាពចំនួន៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ៖

ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដែលក្រសួងបាននិងកំពុងគ្រប់គ្រងប្រមាណជាង ៥០ ០០០ គីឡូម៉ែត្រ ដោយខិតខំលើកកម្ពស់កម្រិតផ្លូវទាំងនេះ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋធ្វើដំណើរទៅទទួលសេវាសាធារណៈ និងការដឹកជញ្ជូនគ្រប់រដូវកាល។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារក្នុងគោលដៅឱ្យប្រជាជននៅតំបន់ជនបទរស់នៅមានសុខភាពល្អ កែប្រែឥរិយាបទប្រកាន់យកអនាម័យល្អ រស់នៅក្នុងបរិស្ថានប្រកបដោយផាសុកភាព។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន បុះណិនជីវិតដើម្បីបង្កើតការងារ និងមុខរបរបន្ថែមក្រៅពីកសិកម្ម ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

ទី៤៖ ពង្រឹងស្ថាប័ន ពោលគឺពង្រឹងសមត្ថភាពមន្រ្ដីរាជការ ការដឹកនាំដោយមានវិន័យ កំណត់ឱ្យមានរបបប្រជុំក្នុងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ក្នុងអង្គភាព និងកំណត់ផែនការសកម្មភាព ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដូចខាងក្រោម៖

* រក្សាសមិទ្ធផលនិងស្នាដៃដែលធ្លាប់មានកន្លងមកជាមូលដ្ឋាន និងត្រូវបន្តបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

* មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

* មន្ទីរត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍មតិសមូហភាពជាធំ។

* ថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

* ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

* មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយដល់មហាជន៕ឮ