(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់ប្រទេសអូស្រ្តាលីជាង ១០នាក់ ត្រូវបានអាជ្ញាធរប្រេស៊ីឃាត់ខ្លួន និងសួរនាំជាបណ្តោះ អាសន្ន ដោយសារតែពួកគេរំខានដល់ការប្រកួតបាល់បោះក្នុងវគ្គ Semi-Final នាពេលកន្លងមកនៅ Rio Olympic Games 2016 នៃប្រេស៊ីល។
សារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងនៅថ្ងៃសៅរ៍ ទី២០ ខែសីហានេះថា ក្រុមអត្តពលិកជាង ១០នាក់មកពី ៣ប្រភេទកីឡា ផ្សេងគ្នារបស់អូស្រ្តាលី ត្រូវបានចាប់ឃាត់ខ្លួន ជុំវិញការបង្កភាពអនាធិបតេយ្យនៅពេលដែលពួកគេ បានប្រើកាតក្លែងបន្លំដើម្បីបាន ចូលទស្សនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមិត្តរួមក្រុមរបស់ពួកគេប្រកួតបាល់បោះ ទល់នឹងក្រុមរបស់ប្រទេសស៊ែប៊ីកាលពីរាត្រី ថ្ងៃសុក្រម្សិលមិញនេះ។
ការប្រើកាតក្លែងបន្លំនោះដែរ គោលបំណងពួកគេ គឺដើម្បីទទួលបានកន្លែងអង្គុយល្អ នៅក្នុងពហុកីឡដ្ឋាន Boomers ហើយពួកគេ ទាំងនោះ អាចនឹងត្រូវពិន័យជាទឹកប្រាក់ ប្រសិនបើរកឃើញករណីនេះកើតឡើងពិតមែន។
តែរហូតមកទល់នឹងពេលនេះ ក្រុមប៉ូលិសប្រចាំទីក្រុង Rio de Janeiro បានកំពុងតែសាកសួរពួកគេនៅឡើយ ហើយក៏ ជាករណីទី២ ដែលបានកើតឡើងក្នុងអំឡុង Rio Olympic 2016 នេះ បន្ទាប់ពីអត្តពលិកអាមេរិក ៤រូបបានភូតកុហក់ ថាចោរប្លន់មានប្រដាប់ ដោយអាវុធទៀតនោះកាលពីចុងសប្តាហ៍មុន៕