(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានផ្ដាំផ្ញើកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឲ្យទទួលបានជោគជ័យ។ ពិសេសត្រូវបន្ដ ពង្រឹង និងអភិវឌ្ឍទាំងជីវភាពរស់នៅ ទាំងសមត្ថភាពក្នុងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ការផ្ដាំផ្ញើបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទានហាន នៃតំបន់ប្រតិ បត្តិការសឹករងស្ទឹងត្រែងនៅទី១៩ ខែសីហា ឆ្នាំ២០១៦។
ក្នុងពិធីនេះដែរ លោកអភិបាលខេត្ត ក៏បាននាំនូវការសួរសុខទុក្ខពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ត្របតិបត្តិការសឹករងស្ទឹងត្រែង ដែលមានវីរភាពអង់អាចក្លាហានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ម៉ុម សារឿន ក៏បាននាំយកថវិកា ២លានរៀល ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង និងពលទានហាន នៃតំបន់ត្របតិបត្តិការសឹករងស្ទឹងត្រែងផងដែរ៕