(កោះកុង)៖ នគរបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលយកលុយដុល្លារ ក្លែងក្លាយប្រហែល៥០០០ដុល្លារ ធ្វើចរាចរណ៍ នៅលើទឹកដីខេត្តកោះកុង នៅចំណុចចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

លោក មីន រស្មី អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ការចុះប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នេះ មានការរួមសហការ ជាមួយកម្លាំងអធិការស្រុកមណ្ឌលសីម៉ា និងប្រជាពលរដ្ឋជាអាជីករ បានទាន់ពេលវេលា មិនឲ្យជនសង្ស័យទាំង២នាក់ធ្វើចរាចរណ៍ លុយដុល្លារក្លែងក្លាយរត់រួចខ្លួនឡើយ។

លោកបន្តថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ៖ ១-ឈ្មោះ អាន ប៉េងហ៊ត ភេទប្រុសអាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម និង២-ឈ្មោះ ប៊ុន ឃីម ភេទប្រុសអាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ រឹបអូសរថយន្ត១គ្រឿង ម៉ាក Camry បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2A 0414 ដកហូតបានលុយដុល្លារក្លែងក្លាយក្រដាស១០០$ ចំនួន៣២សន្លឹក ក្រដាស១០$ចំនួន១៧៥សន្លឹក ក្រដាស៥០ចំនួន១សន្លឹក ក្រដាស់៥០០០ពាន់រៀលក្លែងក្លាយចំនួន១៨៤សន្លឹក ប្រាក់បាតដែលជនសង្ស័យដូរ ពីអាជីវករបានចំនួន៦៧០០០បាត តែត្រូវបាន ប្រគល់ទៅឲ្យចាស់ដើមវិញអស់ហើយ។

លោក មីន រស្មី បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ បានយកដុល្លារក្លែងក្លាយ មកធ្វើចរាចនៅលើទឹកដីខេត្តកោះកុង ប្រហែល ៥០០០ដុល្លារ។

ជាមួយគ្នានេះ លោក មីន រស្មី នធ្វើការផ្តាំផ្ញើដល់អាជីវករ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដល់សមត្ថកិច្ចងាយស្រួល ចាត់ការជនសង្ស័យហើយ។ ចំពោះជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕