(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ៤ពាន់ដុល្លារអា មេរិក ដល់ក្រុមអ្នករកស៊ីជួលម៉ូតូ នៅឆ្នេរសមុទ្រអូរឈើទាល ដែលបានប្រថុយនឹងគ្រោះថ្នាក់ ចេញជួយសង្រ្គោះអ្នកលេងទឹកសមុទ្រជួប គ្រោះខ្យល់បោកបក់កាលពីម្សិលមិញ។
ទឹកប្រាក់ទាំងនេះ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន យកទៅប្រគល់ដល់ដៃក្រុមអ្នករកស៊ីជួលម៉ូតូទឹកនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះតែម្តង។ ទឹកប្រាក់ ៤ពាន់ដុល្លារនេះ ឧបត្ថម្ភកម្មករម៉ូតូទឹក ដែលជាអ្នកចេញជួយសង្រ្គោះផ្ទាល់ចំនួន ៣នាក់ ម្នាក់ៗ ១ពាន់ដុល្លារ, មេការម៉ូតូទឹក ៥០០ដុល្លារ និងថៅកែម៉ូតូទឹក ៥០០ដុល្លារ។
ថវិកាទាំងនេះ ផ្តល់ជូនជាការលើកទឹកចិត្តដល់ក្រុមអ្នករកស៊ីជួលម៉ូតូទឹក ដែលពួកគេមានទឹកចិត្តសប្បុរស និង ហ៊ានប្រថុយគ្រោះថ្នាក់ដោយមិនខ្លាចគ្រោះដល់ជីវិត ចេញជួយសង្រ្គោះជនរងគ្រោះភ្លាមៗ បើទោះបីពេលនោះ រលកសមុទ្រក្រោមកម្លាំង ខ្យល់កំពុងបោកបក់ខ្លាំងយ៉ាងណាក្តី។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ មានក្រុមអ្នកលេងទឹកសមុទ្រមួយក្រុម ពេលកំពុងជិះពោងលេងទឹកសមុទ្រ ក៏ត្រូវបានរលកសមុទ្រ ក្រោមឥទ្ធិពលខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឲ្យពួកគេ មិនអាចហែលចូលឆ្នេរបាននោះឡើយ។ ភ្លាមៗនោះ ក្រុមម៉ូតូទឹក ក៏បានចេញជួយសង្រ្គោះភ្លាមៗផងដែរ តែជាអកុសល្យបុរសម្នាក់ បានឈ្លក់ទឹករហូត ដល់ស្លាប់បាត់បង់ជីវិត។
ក្រុមអ្នករងគ្រោះដោយឥទ្ធិពលរលកសមុទ្រនេះ គឺជាប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម។ រីឯបុរស ដែលស្លាប់បាត់បង់ជីវិតនោះ ជាអាជីវករ៕