​(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញ​បន្ថែមនូវអនុសាសន៍៥ចំណុច សម្រាប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្ត ដើម្បីជំរុញឱ្យការងារ​សិក្សាសមិទ្ធលទ្ធភាព និងការវិនិយោគគម្រោងវារីអគ្គិសនី បូមទឹក ស្តុកទឹកតាតៃលើ ប្រព្រឹត្តទៅបានជោគជ័យ និងមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង ​នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យគណៈកម្មការអន្តរស្ថាប័ន ដែលរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា រួមគ្នាធ្វើការជាមួយក្រុមហ៊ុន ពិនិត្យ​សិក្សាសមិទ្ធលទ្ធភាព និងការវិនិយោគគម្រោងវារីអគ្គិសនី បូមទឹក ស្តុកទឹកតាតៃលើ ដើម្បីឱ្យទាន់ពេលជាមួយការសាងសង់អាងស្តុកទឹកគម្រោងអគ្គិសនីតាតៃលើ ដែលត្រូវប្រើរួមគ្នា។

សម្តេចមានប្រសាសន៍ថា ដើម្បីជំរុញឱ្យការងារនេះ ប្រព្រឹត្តទៅបានជោគជ័យ និងមានប្រសិទ្ធភាព ហើយថែមទាំងអាចបែងចែកបាននូវផលលាភជូនដល់ប្រជាជននៅតាមមូលដ្ឋាន និងសហគមន៍ ប្រកបដោយបរិយាបន្ន​ សម្តេចបានដាក់ចេញបន្ថែមនូវអនុសាសន៍ សម្រាប់ក្រសួង​ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្ត ដូចតទៅ៖

១. គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់រោងចក្រវារីអគ្គិសនី ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិនមានបច្ច័យអាក្រក់ណាមួយ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស ។

២. ក្រុមហ៊ុនត្រូវបន្តកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរដែនដីខេត្តកោះកុង, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យគម្រោងនេះដំណើរការទៅបានដោយរលូន ។ ទន្ទឹមនឹងនេះ​ ​សូមស្នើក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័នពាក់ព័ន្ធសូមយកចិត្តទុកដាក់អនុវត្តភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនតាមស្មារតីនៃកិច្ចព្រមព្រៀងអនុវត្តគម្រោង ។

៣. គ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តនូវកិច្ចសហ​ការល្អជាមួយក្រសួងរ៉ែ និងថាមពល ជំរុញការអនុវត្តគម្រោងផ្សេងៗទៀត ដូចជា គម្រោងវារីអគ្គិសនី, គម្រោងខ្សែបញ្ជូនថាមពល និងគម្រោងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម ដើម្បីធ្វើឱ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់, មានថ្លៃសមរម្យ, ការផ្គត់ផ្គង់អគ្គិសនីមួយប្រកបដោយស្ថិរភាព, ឯករាជ្យភាព និងអាចឈានទៅធ្វើពាណិជ្ជកម្មអគ្គិសនី ជាមួយបណ្តាប្រទេសជិតខាង និងប្រទេសក្នុងតំបន់ផងដែរ ។

៤. បន្តលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងវិស័យ ថាមពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ និងវិនិយោគលើហេដ្ឋារចនា-
សម្ព័ន្ធគាំទ្រ ដូចជាស្ថានីយ៍បញ្ចូលថាមពលអគ្គិសនី ជាដើម ។

៥. លើកកម្ពស់ និងផ្សព្វផ្សាយឱ្យមានការយល់ដឹងជាសាធារណៈ និងការចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ទាំងក្នុងវិស័យសាធារណៈ និងឯកជន​៕