(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជំរុញលើកទឹកចិត្ដដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យងាកមកប្រើប្រាស់យានយន្ដអគ្គិសនី (EV) ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ថាមពល និងកាត់បន្ថយការចំណាយ។

ការថ្លែងជំរុញលើកទឹកចិត្ត របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង​សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សូមជំរុញលើកទឹកចិត្ដ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រើប្រាស់យានយន្ដអគ្គិសនី (EV) ដែលមានផលប្រយោជន៍សំខាន់ពីរសម្រាប់កម្ពុជា ដោយបានបង្កើតប្រសិទ្ធិភាព នៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនីមានប្រសិទ្ធិភាពប្រើប្រាស់ជាង ម៉ូទ័រអ៊ិនធើណេត។ ចំពោះការធានាការប្រើប្រាស់ថាមពល ឲ្យមានប្រសិទ្ធិភាពនេះ សំខាន់ណាស់ព្រោះ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ក៏ដូចជាកាត់បន្ថយការចំណាយ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះមានការប្រើប្រាស់ និងជំរុញការប្រើប្រាស់រថយន្ដអគ្គិសនី ដើម្បីសម្រួលរាល់ការចំណាយនៅពេលប្រេងសាំងឡើងថ្លៃ ឬចុះថ្លៃ ដូច្នេះរថយន្ដមួយចំនួនបានប្រើប្រាស់ថាមពលអគ្គិសនី ដោយពុំចាំបាច់ចាក់សាំងនោះទេ។

សម្តេចមហាបវរធិបតីមានប្រសាសន៍បញ្ជាក់ថា ទោះជាយ៉ាងណាយើងខិតខំបង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់ និងរកបច្ចេកវិទ្យាក្នុងការប្រើប្រាស់ថាមពល។ បន្ថែមពីនេះអាចឲ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ ក្នុងការកាត់បន្ថយនូវជាតិពុលពីឧស្ម័នកាបូនិច ដូច្នេះការប្រើប្រាស់ថាមពលអគ្គិសនី បានជួយច្រើនទាំងបរិស្ថាន និងជួយដល់ប្រសិទ្ធិភាពនៃការប្រើប្រាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «បន្ថែមពីនេះខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ សិក្សាពីការសាកល្បងជាគំរូមួយ ដែលនឹងធ្វើឡើងក្នុងក្រុងភ្នំពេញ ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានម៉ូតូកង់បី ដើម្បីជំរុញការប្រើប្រាស់ថាមពលអគ្គិសនី ព្រោះថាប្រសិនជាអាចជួយប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ថាមពលអគ្គិសនីច្រើន នោះបរិស្ថានក៏ល្អ ធានាតម្លៃ ធានាថានឹងមានថាមពល ព្រមទាំងកាត់បន្ថយការចំណាយ ដែលបានជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ»

សូមជម្រាបថា យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំនួនយានយន្តអគ្គិសនីចុះបញ្ចីគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានចំនួនសរុប ៧៩៤គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៨គ្រឿងម៉ូតូកង់បីមានចំនួន៣៥៥គ្រឿង និងម៉ូតូមានចំនួន៣១គ្រឿង។

ចំពោះស្ថានីយចំណតរថយន្តអគ្គិសនី បច្ចុប្បន្នមាន១៣ទីតាំង៖ នៅក្រសួងសាធារណការ និងដឹកជញ្ជូន៤ ទីតាំង, នៅអ៉ីអន២ ចំនួន ១ទីតាំង, នៅស្ថានីយប្រេងឥន្ទនៈតូតាល់ព្រៃស ១ទីតាំង, ស្ថានីយប្រេងឥន្ទនៈភីធីធី ៣ទីតាំង, នៅខេត្តសៀមរាប ១ទីតាំង, នៅខេត្តព្រះសីហនុ ១ ទីតាំង, នៅខេត្តបាត់ដំបង ១ទីតាំង និង នៅខេត្តមណ្ឌលគីរី ១ទីតាំង៕