(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ថាមពលអគ្គិសនី និងការតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះ គឺជាសមិទ្ធផលជាក់ស្ដែងរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនប្រជាភិថុតិនោះទេ។

ក្នុងឱកាសអញ្ជើញអធិបតីពិធីបិទស្ទឹង​សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកនូវរឿងរ៉ាវអតីតកាល កាលពីឆ្នាំ១៩៩៨ អានុភាពផ្ដល់អគ្គិសនី មានត្រឹមតែ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ មានរហូតដល់៤,៤៩៥មេហ្គាវ៉ាត់។ ដោយឡែក សម្រាប់ប្រព័ន្ធបញ្ជូនអនុស្ថានីយថ្នាក់ជាតិ បច្ចុប្បន្នកសាងបានជិត៣,៥០០គីឡូម៉ែត្រ ៦៣ស្ថានីយ ២៥រាជធានី-ខេត្ត និងខ្សែចែកចាយពីខ្សែតង់ស្យុងខ្ពស់ ជិត៩ម៉ឺនគីឡូម៉ែត្រ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងដំណាក់កាលប៉ុន្មានឆ្នាំនេះ យើងគ្រាន់តែមើលសមិទ្ធផលជាក់ស្ដែង អនុភាពផ្ដល់អគ្គិសនី ឆ្នាំ១៩៩៨ មានចំនួន១៥០មេហ្គាវ៉ាត់ នៅទូទាំងប្រទេស ឥលូវឈានដល់៤,៤៩៥មេហ្គាវ៉ាត់ នៅឆ្នាំ២០២២, ប្រព័ន្ធបញ្ជូនអនុស្ថានីយថ្នាក់ជាតិ កាលពីឆ្នាំ២០០៨ អត់មានទេ ឥលូវកសាងបានជិត៣,៥០០គីឡូម៉ែត្រ ៦៣ស្ថានីយ ២៥រាជធានី-ខេត្ត, ខ្សែចែកចាយពីខ្សែតង់ស្យុងខ្ពស់ ជិត៩ម៉ឺនគីឡូម៉ែត្រ។ នេះហើយដោយសារមានសន្ដិភាពសមិទ្ធផលកើតឡើង»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា វិស័យថាមពលអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តកំណត់យកមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះ សម្រាប់ទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខនេះ, ដែលការណ៍នេះបានបង្ហាញឲ្យឃើញថា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី នៅតែជារបៀបវារៈដ៏សំខាន់នៃគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ថាមពលអគ្គិសនី មិនមែនត្រឹមតែជាផលិតផលមួយ ដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ, ប៉ុន្តែក៏ជាផលិតផលដ៏ចាំបាច់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងវិស័យផ្សេងៗទៀត នៃសេដ្ឋកិច្ចផងដែរ។

ក្នុងន័យនេះ ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ឲ្យបានរីកចម្រើន និងត្រឹមត្រូវ ដើម្បីឈានទៅសម្រេចបាន «ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព, ស្ថិរភាព, គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា» គឺជាគន្លឹះដ៏សំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកប ដោយចីរភាព និងជួយបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសរំលេចថា បន្ទាប់ពីទទួលបានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ រួចមក, ការរៀបចំផែនការ និងកម្មវិធីអភិវឌ្ឍន៍ វិស័យថាមពលអគ្គិសនីនៅកម្ពុជា ត្រូវបានរៀបចំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

រាជរដ្ឋាភិបាលបានចំណាយពេលវេលាជិត១០ឆ្នាំ ដើម្បីរៀបចំស្តារហេដ្ឋារចនាសម្ព័ន្ធ នៃការផ្គត់ផ្គង់អគ្គិសនី រួមមាន៖ ការផ្គត់ផ្គង់នៅតាមតំបន់សំខាន់ៗ ដូចជា រាជធានីភ្នំពេញ និងទីរួមខេត្តនានា, ការកែទម្រង់អង្គភាពអាជីវកម្មអគ្គិសនីរបស់រដ្ឋ គឺអគ្គិសនីកម្ពុជា, ការរៀបចំច្បាប់ស្តីពីអគ្គិសនី ដើម្បីបង្កើតប្បញ្ញត្តិករឯករាជ្យក្នុងវិស័យអគ្គិសនី និងការកំណត់គោលនយោបាយបើកចំហ ឲ្យវិស័យឯកជនចូលរួមធ្វើការវិនិយោគ និងធ្វើអាជីវកម្មក្នុងវិស័យអគ្គិសនី ជាដើម។ ក្នុងន័យនេះ, រហូតដល់ឆ្នាំ ២០០៨ ទើបកម្ពុជាអាចចាប់ផ្តើមធ្វើការអភិវឌ្ឍវិស័យថាមពលអគ្គិសនី មួយច្បាស់លាស់ និងពិតប្រាកដ៕