(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន Futurebud Co.,Ltd ដើម្បីទិញនិងផ្គត់ផ្គង់ម៉ាស៉ីនរាវមីនចំនួន៧២០គ្រឿង និងម៉ាស៉ីនរាវជ្រៅចំនួន ៦៨គ្រឿង និងអាវក្រោះសុវត្ថិភាពចំនួន៤៥០កំប្លេ សរុបទឹកប្រាក់ជាង៤លានដុល្លារ។
ការចុះហត្ថលេខានេះត្រូវបានធ្វើឡើង រវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក CMAC និងតំណាងក្រុមហ៊ុន Futurebud Co.,Ltd នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
លោក ហេង រតនា បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា ម៉ាស៉ីនរាវមីនទាំងនេះ ជាប្រភេទ Vallon ផលិតនៅប្រទេសអាល្លឺម៉ង់ ហើយការផ្គត់ផ្គង់នេះនឹងមកដល់កម្ពុជា នៅក្នុងកំឡុងចុងឆ្នាំ ២០១៦នេះ។
លោកបានបញ្ជាក់ទៀតថា «នេះជារង្វាន់ថ្មីមួយ សំរាប់គាំទ្រ និងលើកទឹកចិត្តអ្នកដោះមីនស៉ីម៉ាក់ទាំងអស់។ ជាមួយបចេ្ចកទេសនៃម៉ាស៉ីនរាវមីនថ្មីនេះ អាចជួយឲ្យយមន្ត្រីស៉ីម៉ាក់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពប្រតិបតិ្តការកាន់តែប្រសើរថែមទៀត ហើយនេះជាជំនួយឥតសំណង របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន»៕