(កោះកុង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាផ្លូវការប្រាប់ប្រជាពលរដ្ឋលើការសម្រេចឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង៣៥គីឡូវ៉ុល ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជូនប្រជាពលរដ្ឋនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានប្រវែង៣៣គីឡូម៉ែត្រ ខណៈប្រជាពលរដ្ឋក៏រីករាយសាទរចំពោះការប្រកាសនេះដែរ។

ការប្រកាសបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ​នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

បានប្រកាសជាផ្លូវការប្រាប់ប្រជាពលរដ្ឋលើការសម្រេចឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង៣៥គីឡូវ៉ុល ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជូនប្រជាពលរដ្ឋនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានប្រវែង៣៣គីឡូម៉ែត្រ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសជាផ្លូវការ គឺរាជរដ្ឋាភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញបន្តបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ដែលយើងវិនិយោគកសាងជាង៨០ម៉ឺនដុល្លារ ស្នើនឹង៣៣គីឡូម៉ែត្រ ដើម្បីរុញភ្លើងអគ្គិសនីឱ្យដល់ផ្ទះប្រជាពលរដ្ឋ​»

សម្ដេចធិបតីបានសួរទៅកាន់ប្រជាពលរដ្ឋថា «ចាំ៨ឆ្នាំហើយមែនទេ?» ចំណុចនេះ សម្ដេចធិបតីបានបញ្ជាក់ថា ៨ឆ្នាំនោះគឺមានហេតុផល តាមពិតអគ្គិសនីត្រូវបានតាំងពី៨ឆ្នាំមុន។ តាមរបាយការណ៍របស់អគ្គិសនីកម្ពុជា គឺរាជរដ្ឋាភិបាលបានចាត់ក្រុមសិក្សាអំពីការសាងសង់ សិក្សាពីផលប៉ះពាល់លើប្រជាពលរដ្ឋ បរិស្ថានជាដើម ប៉ុន្តែពេលនោះក៏មានខាងសកម្មជនបរិស្ថានមួយចំនួន មានទាំងជនបរទេសផងដែរ បានញុះញង់ប្រជាពលរដ្ឋកុំឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល អ៉ីចឹងនាពេលនោះប្រជាពលរដ្ឋក៏បានបដិសេធ តែមិនមែនទាំងអស់គ្នាទេ។ ដូច្នេះនៅឆ្នាំ២០១៥នោះ គម្រោងក៏ត្រូវផ្អាកសិន រហូតមកដល់ពេលនេះ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ នៅតាមផ្ទះប្រជាពលរដ្ឋននៅតែគ្មានអគ្គិសនីរដ្ឋសម្រាប់ប្រើប្រាស់ គឺត្រូវបញ្ឆេះម៉ាស៉ីនភ្លើងយកអគ្គិសនីមកប្រើ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តែយ៉ាងណា រាជរដ្ឋាភិបាកនៅតែគិតគូរចំពោះប្រជាពលរដ្ឋដែលកំពុងត្រូវការអគ្គិសនីប្រើប្រាស់ តាមរយៈសំណើដែលស្នើឱ្យមានការបញ្ជូនអគ្គិសនីទៅដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំទាំង៣នេះ មានឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ដូច្នេះហើយទើបនៅមុនបោះឆ្នោត រាជរដ្ឋាភិបាលក៏បានអនុវត្តការងារមួយចំនួន មុនឈានដល់ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះ។

សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបន្តការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជានឹងខិតខំកាត់បន្ថយផលប៉ះពាល់លើប្រជាពលរដ្ឋ បរិស្ថាន និងធនធានធម្មជាតិនៅក្នុងជុំវិញ ដើម្បីផ្ដល់ប្រយោជន៍ឱ្យបានច្រើនជូនប្រជាពលរដ្ឋ បន្តការអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើនថែមទៀត៕