(កោះកុង)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន៣រួមមានទី១៖ ជំរុញជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន, ទី២៖ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបាន ហ្មត់ចត់ បញ្ចៀស រាល់ការប៉ះពាល់ និងទី៣៖ ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។

ការអះអាងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ភាពក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះថា៖ «យើងធ្វើការអភិវឌ្ឍ និងបន្តអភិវឌ្ឍន៍ដោយទទួលខុសត្រូវ៣ ទទួលខុសត្រូវទី១៖ គឺទទួលខុសត្រូវក្នុងការជំរុញជីវភាព របស់ប្រជាលរដ្ឋទូទាំងប្រទេស សេដ្ឋកិច្ចឱ្យដើរទៅមុខ, ទទួលខុសត្រូវទី២៖ គឺត្រូវទទួលខុសត្រូវរាល់ការអភិវឌ្ឍទាំងឡាយ ត្រូវគិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វទាំងអស់នេះជាការទទួលខុសត្រូវតរបស់យើង ហើយទទួលខុសត្រូវ៣៖ គឺក្នុងនាមជាប្រទេសមួយជាសមាជិកមួយនៅក្នុងពិភពផែនដី ក៏ត្រូវអភិវឌ្ឍន៍នៅក្នុងគផលដៅណាដែលចូលរួមក្នុងការថែរក្សាបរិស្ថាន ហើយជាពិសេសជួយទប់ការប្រែប្រួលអាកាសធាតុលើពិភលោក ដែលយើងត្រូវធ្វើ»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដោយទទួលខុសត្រូវ គឺរាជរដ្ឋាភិបាលមានភារកិច្ចដាក់គោលដៅក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយកាត់បន្ថយភាពក្រីក្រឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានបានកើនឡើង ដែលនេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រទេសដែលគ្មានស្ថិរភាព គ្មានសន្តិភាព ទៅជាកន្លែងដែលមានការអភិឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានយ៉ាងសុខក្សេមក្សាន្ត ព្រមទាំងមានការរីកចម្រើនជាបន្តបន្ទាប់។ ពីប្រទេសដែលក្រីក្រ ងើបពីភ្លើងសង្គ្រាមដោយបាតដៃទទេរជាង៤០ឆ្នាំមុន បានប្រែក្លាយជាប្រទេសដែលមានកម្រិតចំណូលមធ្យមកម្រិតទាប ហើយបានដាក់ទិសដៅឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យម និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកើនឡើង។ ចំណុចនេះ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិបន្តធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាល់គម្រោងសាងសង់ទំនប់វារីអគ្គីសនីមួយ ក្រសួងស្ថាប័នជំនាញ ត្រូវចំណាយពេលពី១ឆ្នាំ ទៅ៤ឆ្នាំ ដើម្បីសិក្សាពីផលប៉ះពាល់លើព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងផលប៉ះពាល់លើប្រជាពលរដ្ឋ។ ខណៈបន្ទាប់ពីចប់ការសិក្សាពីផលប៉ះពាល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអនុម័តគម្រោង៕