(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសពីការសម្រេចបញ្ឈប់ គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

បន្ថែមពីនេះសម្តេចបានឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។

សម្តេចបញ្ជាក់ថា ការសម្រេចនេះស្របតាមការប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងបរិស្ថាន ដែលបានប្រកាសនៅក្នុងសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ COP 26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ថា «កម្ពុជានឹងបញ្ឈប់ធ្វើការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម»

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង​សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «សុំប្រកាសឱ្យហើយ បើសិនជានរណាចង់ធ្វើការវិនិយោគ ធ្វើរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្តហោះមកទេ។ យើងបានប្រកាសហើយ នៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ COP 26 នៅចក្រភពអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០២១ថា កម្ពុជាមិនអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មទៀតនោះទេ ហើយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខ្ញុំបានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងយើងនេះ ដែលមានការសិក្សាច្រើនហើយក្នុងការធ្វើ ប៉ុន្តែឥឡូវការប្តេជ្ញាចិត្តរបស់យើងអត់ចាំពេលណាទេ ខ្ញុំបានសម្រេចឱ្យបញ្ឈប់ ហើយបានឱ្យពិភាក្សាពិនិត្យប្តូរលទ្ធភាពគម្រោងនេះ ពីការផលិតអគ្គិសនីដោយធ្យូងថ្ម ទៅជាជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG វិញ»

បន្ថែមលើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពអំពីការឈានមួយជំហានទៀត ឆ្ពោះទៅរកការសាកល្បងដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ផងដែរ៕