(កោះកុង)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ថា​ កាលពីមួយខែមុននេះសម្តេចបានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំនិងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពលចំនួន៥។

គួរជម្រាបថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China National Heavy Machinery Industry Corporation (Sinomach) របស់ប្រទេសចិន។ គម្រោងវារីអគ្គិសនីនេះប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹកដែលតភ្ជាប់គ្នានេះគ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវនេះសម្រាប់អាណត្តិទី៧នេះ នៅថ្ងៃទី១១ តុលា មួយខែមុននេះ ខ្ញុំបានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពលដឹកនាំសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពលលើកិច្ចការងារធំចំនួន៥»

សម្រាប់កិច្ចការងារធំទាំង៥ ដែលសម្តេចបានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំនិងសម្របសម្រួលនោះរួមមាន៖

* ទី១៖ ជំរុញការអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។

* ទី២៖ បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់នៅកម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ២០២១, រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងបរិស្ថានបានប្រកាសនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP 26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេសថា «កម្ពុជានឹងបញ្ឈប់ធ្វើការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មី» ។

ពាក់ព័ន្ធបញ្ហានេះសម្តេចអធិបតីបានជម្រាបជូនថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចបានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។ ជាមួយគ្នានេះសម្តេចក៏បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពអំពីការឈានមួយជំហានទៀត ឆ្ពោះទៅរកការសាកល្បងដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ផងដែរ។

* ទី៣៖ ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។

* ទី៤៖ លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV)៖ ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ផ្តល់នូវផលប្រយោជន៍សំខាន់២មាន៖ ទី១). បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈ និងទី២). អាចផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសច្រើន មកជាការប្រើប្រាស់ថាមពលស្អាតពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិវិញ។

ដូច្នេះដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, កម្ពុជាត្រូវពិនិត្យនិងរៀបចំផែនការវិនិយោគប្រព័ន្ធបណ្តាញផ្គត់ផ្គង់ប្រភពអគ្គិសនីទៅកាន់ស្ថានីយបញ្ចូលថាមពលអគ្គិសនី, រៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យមានគ្រប់ទីកន្លែង ដែលអ្នកប្រើប្រាស់អាចបញ្ចូលអគ្គិសនីទៅក្នុងអាគុយយានយន្ត និងរៀបចំថ្លៃលក់ថាមពលអគ្គិសនី សម្រាប់ការបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីបានសមរម្យ។

* ទី៥៖ ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់ធ្វើការអភិវឌ្ឍ៕