(កោះកុង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចសុខចិត្តឱ្យគេហៅថាជា «ជនផ្តាច់ការ» ប៉ុន្តែនឹងមិនឈប់និយាយអំពីតម្លៃ និងការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព ស្ថិរភាពរបស់កម្ពុជា ដែលមាននៅពេលបច្ចុប្បន្ននេះឡើយ។
ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
មុននឹងប្រកាសបែបនេះ មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ លោក សម រង្ស៉ី តាមរយៈសារព័ត៌មាន The Cambodia Daily បានរិះគន់ចំពោះរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តពីសម្តេចតេជោ ហ៊ុន សែន ថាពូកែខាងបង្កើតរូបភាពក្លែងក្លាយតាមរយៈនយោបាយប្រជាភិថុតិ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។
សម្តេចធិបតី បានឆ្លើយតបច្រើននោះទេ ចំពោះការរិះគន់របស់ ទណ្ឌិតនៅក្រៅប្រទេសនេះ ប៉ុន្តែបានហៅអ្នករិះគន់នោះថាជា «ម្សៀចាស់វស្សា»។ សម្តេចបានប្រាប់ឱ្យចោទសួរទៅប្រជាពលរដ្ឋថា តើរាជរដ្ឋាភិបាល បានធ្វើជាក់ស្តែង ឬសម្តែង? សម្តេចឱ្យចោទសួរប្រជាពលរដ្ឋរាប់លាននាក់ ដែលមកលេងបុណ្យអុំទូក នៅរាជធានីភ្នំពេញ តើជាការថតកុនឬ? សម្តេចក៏ឱ្យចោទសួរទៅកាន់ ប្រជាពលរដ្ឋនៅតំបន់តាតៃលើ និងអ្នកឫស្សីជ្រំ ថាតើអគ្គិសនីនេះជាសិប្បនិមិត្ត ឬក៏ពិតជាក់ស្តែង? ហើយសម្តេចបានបញ្ជាក់ថា នេះហើយជាសមិទ្ធផលពិតប្រាកដ ដោយសារតែកម្ពុជាមានសន្តិភាព។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ហើយអ្នកដែលចោទខ្ញុំថា ឲ្យតែរដ្ឋាភិបាលនិយាយរឿង "សន្តិភាព គឺផ្តាច់ការ" បានន័យថា ឱ្យតែយើងនិយាយថាត្រូវខិតខំថែរក្សាសន្តិភាព ស្ថិរភាព ទោះក្នុងតម្លៃណាក៏ដោយ ដែលនេះជាការប្តេជ្ញាចិត្ត តែគេតែងថា នេះជាការផ្តាច់ការ»។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «បើសិនជាការប្តេជ្ញាចិត្តថែរក្សាសន្តិភាព និងស្ថិរភាពឱ្យប្រជាពលរដ្ឋ ហើយត្រូវបានគេចោទថាផ្តាច់ការ ខ្ញុំសុខចិត្តឱ្យគេហៅខ្ញុំថា "ផ្តាច់ការ" ជាជាងឱ្យប្រជាជនចោទខ្ញុំអសមត្ថភាព ធ្វើឱ្យកើតមានសង្គ្រាមស្លាប់ពួកគាត់ឡើងវិញ»។
សម្តេចធិបតី មិនសុខចិត្តនោះឡើយ បើសិនជាថែរក្សាសុខសន្តិភាពជូនប្រជាជនមិនបាន ព្រោះសន្តិភាពនេះ បានមកដោយការលំបាក និងមានការលះបង់ប្រជាជនច្រើនណាស់៕