(តាកែវ)៖ កង់ចំនួន៩៧០គ្រឿង ដែលជាជំនួយរបស់មូលនិធិចិននដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានប្រគល់ជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាក្រពុំឈូក ស្ថិតនៅក្នុងភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ពិធីប្រគល់ និងទទួលអំណោយជាកង់នេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គពិធីចំនួន៣០០នាក់ រួមមានថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកកោះអណ្តែត រដ្ឋបាលឃុំក្រពុំឈូក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចំនួន៥សាលាមកពីស្រុកកោះអណ្តែត និង១១សាលាមកពីស្រុកបូរីជលសារ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិ COSCO SHIPPING CHARITY FOUNDATION និងមូលនិធិ Hello Inc. របស់ប្រទេសចិន លោក Kevin Wang តំណាងមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ បានសាទរ និងសមិទ្ធផលបន្ថែមទៀតដែលសិស្សានុសិស្សនៅក្នុងខេត្តតាកែវ ទទួលបានអំណោយ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងអង្គពាក់ព័ន្ធនានាដែលបានគាំទ្រ និងលើកទឹកចិត្តដល់ភាគីចិន ក្នុងការចូលរួមចំណែកផ្តល់កម្លាំងចិត្តដល់ការសិក្សា និងដោះស្រាយបាននូវតម្រូវការជាមូលដ្ឋានដោយផ្តល់អំណោយកង់ជូនដល់សិស្សានុសិស្ស។

លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានលើកទឹកចិត្តដល់សង្គមស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជានិងចិន ដែលបានរួមកម្លាំងគ្នាជាធ្លុងមួយចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចលើកតម្កើងជីវភាពគ្រួសារ និងផ្តល់កម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងខេត្តតាកែវនេះ។

លោកស្រីក៏បានថ្លែងនូវការសាទរចំពោះសិស្សប្រឡងបញ្ចប់ទុតិយភូមិចំនួន២រូបសិក្សានៅក្នុងស្រុកកោះអណ្តែតដែលទទួលបានលទ្ធផលនិទ្ទេស A ផងដែរ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល បានគាំទ្រទាំងស្រុងដល់បេសកកម្មការងារ និងបន្តលើកទឹកចិត្តដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទក្នុងការកៀងគរជំនួយនានាដើម្បីបំពេញបាននូវសេចក្តីត្រូវការរបស់សិស្សានុសិស្ស។

លោក កឹមរ័ត្ន វិសិដ្ឋ បានរំលេចពីសមិទ្ធផលជាច្រើនដែលបានប្រសូតចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធតាំងពីឆ្នាំ២០១៨មករវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទដែលរួមមាន ការផ្តល់សម្ភារសិក្សាជាង១០ម៉ឺន សម្រាប់ និងផ្តល់កង់៣០២៤គ្រឿង ដល់សិស្សានុសិស្សកម្ពុជា។

ទាក់ទងនឹងការសិក្សាលោកបានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាពដែលកម្ពុជាទទួលបានតាមរយៈសម្តេចតេជោជាស្ថាបនិក និងសង្គមជាតិដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងចរន្តនៃការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបសិស្សានុសិស្សទាំងអស់បានទទួលនូវការសិក្សាប្រកបដោយគុណភាព ហើយលោកបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំសិក្សាដោយយកគំរូតាមសិស្សចំនួន២រូបដែលទទួលបាននិទ្ទេសA។

លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានគូសបញ្ជាក់បន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សចំនួន៩៧០នាក់ នាថ្ងៃនេះក៏ជាការចូលរួមចំណែកផងដែរ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស៕