(ភ្នំពេញ)៖ នៅថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់ពានរង្វាន់ ជ័យលាភីរបស់ក្រសួងការបរទេសជប៉ុន ជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានទទួលពានរង្វាន់ ជ័យលាភីរបស់ក្រសួងការបរទេសជប៉ុនពីលោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋជប៉ុនប្រចាំកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធាន JICA នៅកម្ពុជា ព្រមទាំងមន្ត្រីស្ថានទូត និង JICA ជាច្រើនរូប ជាមួយថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់ជាច្រើនរូប។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេសជប៉ុនបានប្រកាសផ្ដល់ពានរង្វាន់ និងជ័យលាភីរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុនជូនបុគ្គលនិងស្ថាប័ន(ក្រុម)ជាតិនិងអន្ដរជាតិ ដែលមានស្នាដៃល្អក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងប្រទេសនានាក្នុងពិភពលោក។
ក្នុងឆ្នាំ២០២២នេះ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានសម្រេចផ្ដល់ពានរង្វាន់ជូនបុគ្គល និងស្ថាប័ន/អង្គភាព ដែលកំពុងបំពេញការងារនៅប្រទេសនានាចំនួន៤៨ប្រទេស ទាំងក្នុងតំបន់ និងក្នុងពិភពលោកដូចជា អង្គការសហប្រជាជាតិ អូស្ដ្រាលី អាហ្សង់ទីន អាល្លឺម៉ង់ ចិន ស៊ុយអ៊ែត សហរដ្ឋអាមេរិក ម៉ិចស៊ិចកូ សាំងហ្គាពួរ និងម៉ាឡេស៊ីជាដើម ហើយក្នុងនោះក៏មានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (អង្គភាព CMAC) ផងដែរ។
សូមបញ្ជាក់ជូនថា ពានរង្វាន់របស់រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនផ្ដល់ជូនអង្គភាព CMAC នេះគឺផ្អែកលើលទ្ធផលការងារដោយឈរលើបុព្វហេតុ «សមិទ្ធផលក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្ដរជាតិ ក្នុងការកសាងសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច (Achievement in the Promotion of International Cooperation in Peace Building and Economic Development)»។
លោក ហេង រតនា តាងនាមថ្នាក់ដឹកនាំ មន្រ្តីអង្គភាព CMAC ទាំងអស់ និងរូបលោកផ្ទាល់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគាំទ្រដល់វិស័យសកម្មភាពមីន និងអង្គភាព CMAC ជាពិសេសបានដឹកនាំជំរុញលើកកម្ពស់កិច្ចសហប្រិតបត្តិការកម្ពុជា-ជប៉ុនកាន់តែរឹងមាំស្ថិតស្ថេរជានិរន្ដ។
ឯកអគ្គរាជទូតជប៉ុន បានរំលឹកថា CMAC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដោយអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិ នៅកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ ហើយបានធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ CMAC បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានប្រមាណ ៧០% នៃចំនួនសរុបដែលបានបោសសម្អាតនៅក្នុងប្រទេសកម្ពុជា ហើយនេះបានបង្ហាញឱ្យឃើញថាប្រហែល ៥៥% ផ្ទៃដីមីនសរុបបានបោសសម្អាតដោយពួកគាត់។
លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកត្តាចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រកបដោយស្ថិរភាពសម្រាប់ប្រជាជនក្នុងតំបន់ ដើម្បីសម្រេចឱ្យបាននូវសន្តិភាពពិតប្រាកដ ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជួយដល់ CMAC ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈគ្រោងការណ៍ផ្សេងៗជាច្រើន។ បន្ថែមពីលើការផ្តល់សម្ភារៈ បរិក្ខារធុនធ្ងន់ដូចជា៖ ម៉ាស៊ីនដោះមីន និងការបន្តគាំទ្រសកម្មភាពដោះមីន ជប៉ុន បាននឹងកំពុងជួយសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង សៀមរាប។
លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបន្ថែមថា កម្ពុជាគ្រោងនឹងធ្វើជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញ លើកទីប្រាំរបស់រដ្ឋភាគីនៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំក្រោយនៅខេត្តសៀមរាប។ រដ្ឋាភិបាលជប៉ុនពិតជាស្វាគមន៍យ៉ាងអស់ពីចិត្ត លើសពីនេះជប៉ុនបានសម្រេចចិត្តឈរឈ្មោះ ជាប្រធាននៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សលើកទី២២ នៅឆ្នាំ២០២៥។ សង្ឃឹមនឹងបង្ហាញពីទម្រង់នៃភាពជាដៃគូថ្មីរវាងប្រទេសជប៉ុន និងកម្ពុជានៅក្នុងសន្និសីទអន្តរជាតិ នៅពេលដែលយើងធ្វើការឆ្ពោះទៅរកពិភពលោក ដែលគ្មានមីននៅឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា CMAC ត្រូវបានជ្រើសរើស ដើម្បីទទួលការសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្ដរជាតិ លើវិស័យសហប្រតិបត្តិការ បច្ចេកទេស និងសង្ឃឹមថាទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការនឹងបន្តរីកចម្រើននាពេលអនាគត៕