(កោះកុង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។
គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាម៉េរិក។
គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង។

ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន វិនិយោគ និងសេដ្ឋកិច្ច ការវិនិយោគ បន្ថែមទៅលើ វិស័យថាមពល គឺកត្តាដ៏ចាំបាច់ របស់កម្ពុជា ដែលក្នុងនោះ រួមទាំងគម្រោងវិនិយោគ វារីអគ្គិសនីផងដែរ។ បច្ចុប្បន្នកម្ពុជា មានទីតាំងវារីអគ្គិសនីធំៗចំនួន ៧ ដែលកំពុងផ្គត់ផ្គត់ប្រើប្រាស់នៅទូទាំងប្រទេសរួមមាន ៖
១៖ វារីអគ្គិសនីគីរីរម្យ១ ស្ថិតនៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសម្ថតភាពផលិតថាមពលក្នុងអានុភាព ១២មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០០២ ។
២៖ វារីអគ្គិសនីកំចាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានសមត្ថភាពផលិតថាមពល ក្នុងអានុភាព ១៩៤ មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១១។
៣៖ វារីអគ្គិសនី គីរីរម្យ៣ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ១៨មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៣។
៤៖ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅស្រុកមណ្ឌល សីមា ខេត្តកោះកុង មានសមត្ថ ភាពផលិតថាមពល ក្នុងអានុភាព ៣៣៨មេហ្គាវ៉ាត់ បានដាក់សម្ពោធឱ្យប្រើប្រាស់ នៅឆ្នាំ២០១៥។
៥៖ វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសម្ថតភាពផលិត ថាមពល ក្នុងអានុភាព ១២០មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១៤។
៦៖ វារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានសមត្ថភាពផលិតថាមពល ក្នុងអានុភាព ២៤៦មេហ្គាវ៉ាត់ នឹងបានដាក់សម្ពោធឲ្យប្រើប្រាស់នៅ ឆ្នាំ២០១៥។
៧៖ វារីអគ្គិសនីសេសានក្រោម ២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មានសមត្ថភាពផលិត ថាមពល ក្នុងអានុភាព ៤០០មេហ្គាវ៉ាត់ នឹងបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពី ឆ្នាំ២០១៨។

បច្ចុប្បន្នកម្ពុជាកំពុងដំណើរការសាងសង់វារីអគ្គិសនីចំនួនពីរ រួមមានទំនប់វារីអគ្គិសនីស្ទឹង ពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងគម្រោងវារីអគ្គិសនី ស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានអានុភាព ១៥០មេហ្កាវ៉ាត់។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣,៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ក្នុងនោះអគ្គិសនីបានពីថាមពលស្អាតមានប្រមាណ ៦០ភាគរយ។ សម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២,៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ មានន័យថាកម្ពុជាមានសមត្ថភាពផលិតថាមពលបានច្រើនលើស ពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ។
គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕