(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រី-បុគ្គលិក នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ, លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីសុខាភិបាល បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៣ចំណុច ដល់មជ្ឈមណ្ឌលដើម្បីធ្វើឱ្យកាន់តែមានល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ថា ទី១៖ ជំរុញលើកទឹកចិត្ដដល់មន្ដ្រីទាំងអស់ ត្រូវខិតខំបន្ដទៀត ក្នុងការបំពេញភារៈកិច្ចដែលខ្លួនបានធ្វើល្អកន្លងមក ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
ត្បិតណាស់មនុស្សយើងមិនអាចល្អបាន១០០%នោះទេ ប៉ុន្ដែយើងត្រូវតែខិតខំពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យបានល្អ, ទី២៖ លោករដ្ឋមន្ដ្រីបានបង្ហាញពីវិធីសាស្ដ្រក្នុងការធ្វើឱ្យប្រសើរឡើងក្នុងការផ្ដល់សេវាសុខាភិបាល ប្រកបដោយភាពកក់ក្ដៅដល់អ្នកជំងឺ និងទី៣៖ ការពង្រឹងនូវសមត្ថភាពធនធានមនុស្ស ដើម្បីដើរស្របទៅតាមបច្ចេកទេសទំនើបលើសកលលោក។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីកក៏បានគូសបញ្ជាក់ផងដែរថា ការអញ្ជើញចុះមកទស្សនកិច្ចរបស់លោកនៅថ្ងៃនេះ គោលដៅដ៏សំខាន់បំផុត គឺដើម្បីពិនិត្យមើលដំណើរការការងារផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ស្វែងយល់កង្វះខាត ឬតម្រូវការអ្វីខ្លះ ដើម្បីជួយកែលម្អរ គំាទ្រ និងផ្ដល់អនុសាសន៍ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក៏បានថ្លែងកោតសរសើរផងដែរ ដល់ថ្នាក់ដឹកនាំ មន្ដ្រី-បុគ្គលិក ដែលបានខិតខំបំពេញភារៈកិច្ចរបស់ខ្លួនបានល្អកន្លងមកនេះ ដែលបានចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក ជាពិសេសក្នុងអំឡុងកូវីដ១៩ និងក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ដែលទើបបញ្ចប់ការម្សិលមិញនេះ។

លើសពីនោះលោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មជ្ឈមណ្ឌល ទាំងរហដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស ដែលមានជំនាញច្បាស់លាស់ ព្រមទាំងត្រូវពិនិត្យបន្ថែមទៀត ក្នុងការជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសម្ភពរោគស្ត្រី សង្គ្រោះទារក វះកាត់ផ្នែកសរីរាង្គ ការព្យាបាលដោយចលនាថែមទៀត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌៕