(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Takakazu Ito មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ អញ្ជើញជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីត្រួតពិនិត្យការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា លើគម្រោងត្រីភាគីឆ្នាំ២០២៤-២០២៥។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនប្រតិភូ អសប ដែលបានមកកាន់ទឹកដីកម្ពុជា។ ​ដើម្បីឆ្លើយតបចំពោះគម្រោងត្រីភាគីនាពេលនេះ កម្ពុជា បានសាងសង់អាគារ ៣ខ្នង សម្រាប់ការស្នាក់នៅ សាលប្រជុំ និងសិក្សា របស់សិក្ខាកាមជាតិ និងអន្តរជាតិ ដែលពេលនេះសាងសង់បានប្រមាណ ៥០ភាគរយមកហើយ។

លោក Takakazu Ito បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណកម្ពុជា ក្នុងការបរិច្ចាគកម្លាំងដ៏មានសារៈសំខាន់របស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ឆ្លៀតក្នុងឱ​កាសនេះ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ក្នុងគម្រោងត្រីភាគីនាពេលនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន គម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អសប កំពុងដំណើរការនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខណៈវគ្គហ្វឹកហ្វឺនទ្វេភាគី កម្ពុជា-ជប៉ុន កំពុងដំណើរការនៅវិទ្យាសា្ថនហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម។ វគ្គហ្វឺកហ្វឺននាពេលនេះ ក៏នឹងឈានទៅដល់ការហ្វឹកហ្វឺនត្រីភាគីកម្ពុជា-ជប៉ុន-អសប នាឆ្នាំ ២០២៤-២០២៥ ផងដែរ។

លោក Takakazu Ito បានកោតសរសើរ និងអរគុណជាខ្លាំង ចំពោះការតាំងចិត្តរបស់កម្ពុជា និងបន្តចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកសង្ឃឹមថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការស្អិតរមួតទៅមុខទៀតផងដែរ៕