(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញអារម្មណ៍មោទនភាព ដែលបានជួយជ្រោមជ្រែងប្រទេសទីម័រ ឲ្យបានឆាប់ចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា មានតែប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាម និងភាពក្រីក្រដូចគ្នា ទើបយល់ពីអារម្មណ៍គ្នា។
ការបង្ហាញអារម្មណ៍មោទនភាព ក្នុងនាមជាប្រមុខដឹកនាំប្រទេសកម្ពុជា ដែលបាននិងកំពុងដើរតួនាទីសំខាន់ ជួយជ្រោមជ្រែងជួយដល់ប្រទេសទីម័រនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសនៅប្រទេសទីម័រ ក៏ដូចជាចូលរួមក្នុងពិធីរំលឹកខួបលើកទី៤១ នៃកងកម្លាំងរំដោះជាតិទីម័រ។ ពិធីនេះមានការចូលរួមពីតំណាង និងប្រមុខរដ្ឋចំនួន ១៨ប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះថា «មានតែប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាម និងភាពក្រីក្រទេ ទើបយើងយល់ពីអារម្មណ៍គ្នា។ នេះជាឱកាសដែលកម្ពុជា អាចជួយដល់ប្រទេសទីម័រឡេស្ត ឲ្យក្លាយមកជាប្រទេសរីកចម្រើន ទៅមុខជាមួយគ្នា»។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីការប្រឹងប្រែងស្វែងរក ការគាំទ្រឲ្យទីម័រ បានចូលជាសមាជិកអាស៊ាន និងសមាជិកអង្គការពាណិ ជ្ជកម្មពិភពលោកហើយនោះ កម្ពុជា ក៏នឹងបន្តរកជំនួយអាហារូបករណ៍ ជាច្រើនថែមទៀតពីកម្ពុជា ដើម្បីជួយដល់ទីម័រ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសទីម័រ ដែលជាប្រទេសក្រីក្រមួយនៅតំបន់អាស៊ី-អាគ្នេយ៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានការជួយជ្រោមជ្រែងខ្លាំងដល់ប្រទេសមួយនេះ។ តាមរយៈដំណើរទស្សនកិច្ចនៅទីម័រ មានកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងទីម័រ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និង លោក Rui Maria de Aruajo នាយករដ្ឋ មន្រ្តីទីម័រនៅថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះ។ កិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ១) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេក ទេស និងសេដ្ឋកិច្ច, ២)កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និងទី៣) អនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ។
ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសទីម័រ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អាហារូបករណ៍ចំនួន ១០កន្លែងដល់និស្សិតទីម័រ ឲ្យមកសិក្សានៅប្រទេសកម្ពុជាផងដែរ។
កម្ពុជា ក៏នឹងផ្តល់នូវកិច្ចសហការជាច្រើនទៀត ដូចជាការអភិវឌ្ឍ លើវិស័យកសិកម្មជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រទេសមួយនេះ។ តែបើទោះបីជាយ៉ាងណា កម្ពុជា ក៏បានស្នើឲ្យប្រទេសទីម័រ ជួយទិញផលិតផលកសិកម្ម របស់កម្ពុជាផងដែរ ដែលតាមការរំពឹងទុកទីម័រ នឹង ជួយទិញអង្ករពីកម្ពុជាមួយចំនួន ដើម្បីផ្គត់ផ្គង់លើទីផ្សាររបស់គេ។
- ស្វែងយល់ពីប្រវត្តិសង្ខេប របស់សាធារណរដ្ឋទីម័រខាងកើត
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសមានវ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ នៅតំណាលគ្នានោះ ប្រទេសនេះបានក្លាយជាសមាជិក នៃអង្គការសហប្រជាជាតិ និងសហគមន៍នៃបណ្តាប្រទេស និយាយភាសាពរទុយហ្គាល់ផងដែរ។
ទម្រាំទទួលបានឯករាជ្យ ទីម័រខាងកើត បានទទួលរងនូវទុក្ខវេទនា ជាពិសេសអំពើហិង្សា និងទុរភិក្សកាលពីអំឡុងឆ្នាំ១៩៧៤ ដល់ ១៩៩៩ ដែលបានសម្លាប់មនុស្ស រហូតដល់ ១០២,៨០០នាក់ឯណោះ។
ប្រជាជាតិ ដែលជាអតីតខេត្តទី២៧ របស់ឥណ្ឌូណេស៊ី និងមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយនេះ មានផ្ទៃក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ ជាជម្រកសម្រាប់ប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) និងមានរដ្ឋធានីឈ្មោះ ឌីលី។
ងាកទៅមើលដានប្រវត្តិសាស្ត្រវិញ ដែនដីដែលស្ថិតនៅក្នុងចំណោម បណ្តាកោះទាំងជាង ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានមនុស្សមកតាំងទីលំនៅដំបូងកាលពី ៤២,០០០ឆ្នាំមុនម្ល៉េះ។
ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែង សំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១ ។ ជាការពិតណាស់ដែនដីកោះដ៏ក្មេងខ្ចីនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបំពេញទៅតាមលក្ខខណ្ឌជាច្រើន ដើម្បីក្លាយខ្លួនជាសមាជិកអាស៊ានបាន។ ទីម័រខាងកើត ជាប្រទេស អាស៊ីអាគ្នយ៍ទីពីរ បន្ទាប់ពីហ្វីលីពីនដែលមានប្រជាជន ភាគច្រើនអ្នកកាន់សាសនាគ្រិស្ត។
ដោយសារតែជាប្រទេសថ្មីថ្មោង និងមានប្រជាជនតិចផងនោះ រដ្ឋាភិបាលទីម័រខាងកើត បានដើរតួនាទីយ៉ាងសស្រាក់ សស្រាំបំផុតដើម្បីជម្រុញ កំណើនសេដ្ឋកិច្ចជាតិ ដែលប្រទេសពាក់កណ្តាល ដីកោះនេះ បានពឹងតែផ្អែកស្ទើរទាំង ស្រុងទៅលើពាណិជ្ជកម្មប្រេង ហើយប្រាក់ចំណូលបានមកពីការលក់ប្រេង បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ដោយឡែកវិស័យកសិកម្មគឺជាតួនាទី របស់ប្រជាជន ដែលរហូតដល់ឆ្នាំ ២០១៥ ការធ្វើកសិកម្មបានកើនឡើងយ៉ាង ខ្លាំងដោយប្រជាជនជាង ៨០ភាគបានប្រកបមុខរបរនេះ។
ដំណាំសំខាន់ៗសម្រាប់នាំចេញ របស់ ទីម័រខាងកើតមានដូចជា កាហ្វេ កាកាវ និង cinnamon ដែលបានជាប់លំដាប់ថ្នាក់ទី ៤០ និង ៥០នៅលើសកលលោកកាលពីឆ្នាំ ២០១២។
ប្រជាជនប្រទេសនេះ ជាង ៨០ភាគរយរស់នៅតំបន់ ទីប្រជុំជន និង ជិត២០ភាគរយប៉ុណ្ណោះដែលរស់នៅជនបទ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ថ្នល់ ទឹកស្អាត និងអគ្គិសនីជាដើម នៅមានកម្រិតសម្រាប់ប្រជាជនប្រើប្រាស់នៅឡើយ។
យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក កាលពីឆ្នាំ២០១៣ ប្រទេសទីម័រខាងកើតស្ថិតនៅជាគោលដៅសម្រាប់ធ្វើពាណិជ្ជកម្មលំដាប់ទី១៦៩ នៅលើសកលលោក ដែលវាជាលេខរៀងបង្ហាញថា ប្រទេសនេះនៅមានភាពទន់ខ្សោយស្ទើរគ្រប់វិស័យ ដែលមិនអាចទាក់ទាញ ការបណ្តាក់ទុនរកស៊ីពី បរទេសនោះឡើយ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះគឺ ២,២៣ពាន់លានដុល្លារអាមេរិក ដែលគិតជាភាគរយវិញ គឺប្រជាជនម្នាក់ៗអាចរកបានប្រាក់ចំណូលជាមធ្យម ៥,៤៧៩ដុល្លារក្នុងមួយឆ្នាំ (តួលេខឆ្នាំ២០១៤)៕