(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងវប្បធម៌ បានចូលរួមសហការយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គម។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី «តួនាទី នៃវិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដែលរៀបចំឡើង ដោយក្រុមការងារបង្ការ ទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា​ បានសម្តែងនូវការកោតសរសើរដ៏ស្មោះចំពោះក្រុមការងារបង្ការ ទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំចំណាយកម្លាំង កាយ ចិត្ត និងប្រឹងប្រែងធ្វើឱ្យសិក្ខាសាលានាថ្ងៃនេះ បានលេចរូបរាងឡើង។ លោកស្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា ស្ថិតក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបានចូលរួមចំណែកសម្រួល ធ្វើឱ្យសិក្ខាសាលានេះ អាចដំណើរ ការទៅបាន។

លោកស្រី ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា «ខ្ញុំសូមការអនុញ្ញាតលើកយកមកបញ្ជាក់ជូនអង្គសិក្ខាសាលានាពេលនេះថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បាននិង កំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដូចបានជម្រាបជូន ខាងលើ ក្នុងនោះក្រសួងបានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាព ផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយក់ដឹងអំពី សកម្មភាពនិងហានិភ័យកើតចេញ ពីសកម្មភាពនៃការជួញដូរមនុស្ស»។

លោកស្រី បានបន្តថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន។ អំពើជួញដូរមនុស្សត្រូវ បានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរឹកស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹង របត់នៃផ្នត់គំនិត ចិត្តសាស្រ្ត សង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមាន ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយ ក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនក៏បាននឹងកំពុងតែ ធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស។ ឥឡូវនេះ យើងមានផែនការសកម្មភាព និងយុទ្ធសាស្រ្តជាតិ ដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធទាំង អស់រួមគ្នាដាក់បញ្ចូលនូវសម្មភាពដែលពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមគ្នាធ្វើ បង្កើតស្នាដៃថ្មី ជាទម្រង់សិល្បៈ ដើម្បីធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០១៩-២០២៣ អំពីការលើកកម្ពស់ ការបង្ការ ទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រុមការងារបង្ការ ទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអង្គភាពថ្នាក់រដ្ឋបាលកណ្តាល និងថ្នាក់មន្ទីររាជធានី-ខេត្ត បានចូលរួម អនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់រយៈពេល៥ឆ្នាំ។

បើតាមរបាយការណ៍ដដែល ៥ឆ្នាំនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងល្អ ដូចជា ការងារបញ្រ្ចាបការយល់ដឹង ធ្វើការអប់រំ ការផ្សព្វផ្សាយខ្លឹមសារច្បាប់ រូបភាព ទម្រង់ និងសកម្មភាព នៃការជួញដូរមនុស្ស ដើម្បីការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន សិល្បករ សិល្បការិនី បុគ្គលិកបម្រើការងារតាមហាង ភោជនីយដ្ឋាន ខារ៉ាអូខេ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ បានសរុប ចំនួន ៦១ ៣១៥ នាក់ ក្នុងនោះស្រ្តីមាន ចំនួន ៣០ ៨៣៧ នាក់ តាមរយៈការធ្វើសកម្មភាពនៅតានអង្គភាព និងនៅតាមទីកន្លែងនានា៕