(ព្រះវិហារ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តព្រះវិហារមានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តជាង១ម៉ឺននាក់នៅតាមតំបន់រមណីយដ្ឋាននានា។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ភ្ញៀវទេសចរបានដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី២៦-២៨ ខែវិច្ចិកា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិនិងភ្ញៀវបរទេស ព្រមទាំងប្រជាពលរដ្ឋ ដែលបានធ្វើដំណើកម្សាន្តនៅតាមរមណីយដ្ឋាន
និងគោលដៅទេសចរណ៍នានាក្នុងខេត្តមានចំនួនសរុប១២,៩៥៣នាក់ បើធៀបរយៈពេលដូចគ្នានៅឆ្នាំមុន ថយចុះចំនួន២៨.៤២% ក្នុងនេះមានភ្ញៀវជាតិចំនួន១២,៨៦៧នាក់ ថយចុះចំនួន២៧.២០% និងភ្ញៀវបរទេសចំនួន៨៦នាក់ ថយចុះចំនួន៧១,៦២%។                  

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា មូលហេតុដែលភ្ញៀវទេសចរធ្លាក់ចុះបន្តិចនៅខេត្តព្រះវិហារ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយឆ្នាំមុនខេត្តព្រះវិហារបានរៀបចំពិធីអុំទូកនៅទំនប់៩៥ ចំថ្ងៃឈប់សម្រាក។ តែឆ្នាំនេះ ធ្វើពិធីប្រណាំងទូកនៅទំនប់៩៥ មុនថ្ងៃឈប់សម្រាក ទើបធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះ។

សូមបញ្ជាក់ថា ទីតាំងទេសចរណ៍នៅក្នុងខេត្តព្រះវិហារដែលភ្ញៀវតែងតែមកកម្សាន្ត រួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ និងទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ និងតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ៕